ព័ត៌មាន និងព្រឹត្តិការណ៍

ពិធីសម្ពោធអគារមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី និងកម្មសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ អប់រំ ឯកទេសប្រឹក្សាគរុកោសល្យ

Date : 2019-11-22
Facebook Twitter Google+ LinkedIn Addthis

អគារមជ្ឈមណ្ឌលស្រាវជ្រាវជំនាន់ថ្មី ត្រូវបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ ការកសាងអគារមជ្ឈមណ្ឌលថ្មីនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខា ធិការក្រសួងអប់រំ យុវជន និងកីឡា។ 

 

នៅក្នុងពិធីសម្ពោធនេះមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា អង្គការ ខេប អង្គការឆាលហ្វានកម្ពុជា អង្គការអប់រំពិភពលោក តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (WB), អង្គការ UNICEF, អង្គការ VVOB, អង្គការ VSO, អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP) នាយកសាលារៀនជំនាន់ថ្មី គរុនិស្សិតមជ្ឈមណ្ឌល រួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ផងដែរ។ ប្លង់អគារមជ្ឈមណ្ឌលរៀបចំឡើងដោយលោកវិស្វករ ហ្គ័រដង់ អេវ៉ាន្ស៍ (Gordon Evans) អញ្ជើញមកពីចក្រភពអង់គ្លេស ហើយសាងសង់ដោយក្រុមហ៊ុន ហ្គ្រីនធិច វិស្វកម្ម និងសំណង់ (GTE&C) ប្រើពេលអស់ ១៦៩ថ្ងៃ ដែលចំណាយថវិកាសរុបចំនួន ១២១,៧០៤ដុល្លាអាមេរិក ដែលបានមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា រួមទាំងដៃគូសំខាន់ៗ ដូចជាអង្គការឆាលហ្វានកម្ពុជា មូលនិធិគ្រួសារប្រេង្ស៍នៃប្រទេសអង់គ្លេស និងអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប)។ អគារមជ្ឈមណ្ឌលនេះត្រូវបានសម្រេចឱ្យប្រើប្រាស់តាមប្រកាសលេខ ១៧៩៩ អយក.ប្រក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ តទៅ ដើម្បីបម្រើឱ្យការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អប់រំ​ ឯកទេសប្រឹក្សាគរុកោសល្យ ដែលបានបើកបវេសម្សកាលចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ តាមរយៈប្រកាសលេខ ១៤៦៦ អយក.ប្រក ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមសេចក្តីសម្រេចលេខ ៥៤ អយក.សសរ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រងគម្រោងលើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អប់រំ ឯកទេសប្រឹក្សាគរុកោសល្យ។

 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាដំណាក់កាលថ្មីមួយទៀត នៃការកំណែទម្រង់ដើម្បីពង្រឹងប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា ដើម្បីរៀបចំកែលម្អប្រព័ន្ធអប់រំនេះ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាតាមបរិបទថ្មី។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការ ខេប ក៏ដូចជា ឆាលហ្វាន និងដៃគូផ្សេងៗទៀត។ ថ្ងៃនេះ យើងមានដៃគូផ្សេងៗទៀត ដូចជា VSO ជាដើម និងលោកនាយកមកពីសាលារៀនជំនាន់ថ្មី ទាំងនៅភ្នំពេញ ក៏ដូចជានៅខេត្តកណ្តាល កំពង់ចាម កីដូចជាបុគ្គលិកអង្គការ ខេប ដែលបានខិតខំប្រឹងប្រែងរៀបចំឱ្យមានដំណើរការសាលារៀនជំនាន់ថ្មី ដែលថ្ងៃនេះគឺយើងបើកនូវមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ក្នុងការកែលម្អវិធីសាស្រ្តបង្រៀន ហើយយើងក៏បានដើរទៅមើលតាមសាលាអន្តរជាតិ ដូចជា ណសហ្វ្រីជ (Northbridge) ​និង ICT ហើយទៅមើល NGS ស៊ីសុវត្ថិទៅ មើលវិធីសាស្រ្តបង្រៀននៅព្រះស៊ីវត្ថិ វាសមស្របជាមួយនឹងបរិបទកម្ពុជា និងកម្រិតពួកយើង។ ជារួមទៅ យើងអាចវាយតម្លៃបានថា ក្នុងរយៈពេលតែបួនឆ្នាំទេនៃការងារនេះ គឺទាំង ខេប ទាំងក្រសួង សម្រេចបាននូវសមិទ្ធិផលរួមគ្នាច្រើន ហើយក៏មានការចូលរួមពីឆាលហ្វានទៀត ដែលបានដាក់ឱ្យដំណើរការសាលារៀន NGSនៅខេត្តស្វាយរៀង។ នៅទីនេះគឺជាកន្លែងមួយមានប្រវត្តសាស្រ្តដែរ អញ្ចឹងក៏ចូលរួមបន្ថែមទៀត ពង្រឹងវិស័យអប់រំរបស់យើងតាមរយៈការបញ្ជ្រាប ការស្រាវជ្រាវវិធីសាស្រ្តថ្មី ដែលយើងនឹងបណ្តុះតែគ្រូឧទ្ទេស ហើយបញ្ជ្រាបនូវវិធីសាស្រ្តបង្រៀនថ្មីនេះនៅវិទ្យាស្ថានជាតិអប់រំ ក៏ដូចជានៅតាមសាលាគរុកោសល្យផ្សេងៗទៀត។ នេះគឺជាកន្លែងដែលយើងត្រូវបណ្តុះបណ្តាលរបៀបបង្រៀនថ្មី ពង្រឹងទាំងទ្រឹស្តី ទាំងការអនុវត្តជាក់ស្តែង៕ ”

 

លោក ឃឺត ប្រ៊ែដិនប៊ែក ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ បានមានប្រសាសន៍ថា ខ្ញុំសប្បាយចិត្តមែនទែន ដែលទទួលបានជំនួយជាច្រើនមកពី វិទ្យាស្ថានជាតិអប់រំ ដើម្បីរៀបចំ និងបង្កើតមជ្ឈមណ្ឌលនេះឡើង ហើយយើងសង្ឃឹមថា នេះអាចទៅសមិទ្ធផលថ្មីមួយ សម្រាប់ការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ដើម្បីកែលម្អប្រព័ន្ធអប់រំ​ ”។

 

ដើម្បីជួយសម្របសម្រួលដល់ការពង្រីកកំណែទម្រង់កម្មវិធីសាលារៀនជំនាន់ថ្មី ក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រដល់អង្គការ ខេប ដើម្បីជួយសម្រួលដល់ការពង្រីកការង្កើតកម្មវិធីសាលារៀនជំនាន់ថ្មី ជួយផ្នែកបណ្តុះបណ្តាលគ្រូ ជាកន្លែងដែលគ្រូ​ (វ័យក្មេងៗ) អាចត្រូវបានបណ្តុះបណ្តាលយ៉ាងពិសេស ដើម្បីធ្វើការតាមសាលារៀនជំនាន់ថ្មីដែលបានដៅទុក។​ ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបានបង្ហាញពីរូបភាពនៃការបង្កើតកម្មវិធីសាលារៀនជំនាន់ថ្មី ថ្នាក់ជាតិ និងក្នុងតំបន់ ដែលមានតម្រូវការជាចំាបាច់។ កម្មវិធីនេះសម្រាប់ការវិនិយោគរយៈពេលវែង និងមានលក្ខណៈជាប្រព័ន្ធក្នុងការកសាងសមត្ថភាពអ្នកដឹកនាំវ័យក្មេង ដែលអាចមានឥទ្ធិពលយូរអង្វែងលើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។​ មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នឹងក្លាយជាស្ថាប័នអចិន្រ្តៃយ៍នៅក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ ទើបការគាំទ្រដល់មជ្ឈមណ្ឌលនេះ មានភាពខុសគ្នាពីការវិនិយោគមុនៗ។ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ ខេប ​នឹងគ្រប់គ្រងមជ្ឈមណ្ឌលមួយនេះ ជឿជាក់ថា ការវិនិយោគដ៏តិចតួច ដែលបានស្នើសុំនៅពេលនេះអាចមានឥទ្ធិពលដ៏ធំធេងលើសពីកម្រិតមជ្ឈមណ្ឌលទៅទៀត។ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាគរុកោសល្យជំនាន់ថ្មី (NGPRC)នេះឡើង ដើម្បីជួយដល់ការពង្រីកកម្មវិធីសាលារៀនជំនាន់ថ្មី ជាសាលារដ្ឋស្វយ័ត ដែលទទួលបានការវិនិយោគខ្ពស់ពីរាជរដ្ឋាភិបាលនិងតម្រូវឱ្យមានស្តង់ដាគ្រូបង្រៀនខ្ពស់ធ្វើការនៅទីនោះ ប៉ុន្តែគម្រោងនេះ ក៏បានវិវត្តទៅកាន់ស្ថាប័នអប់រំគោលដៅ ផ្សេងៗទៀត ដូចជា៖ វិទ្យាស្ថានជាតិអប់រំ  ឬវិទ្យាស្ថានគរុកោសល្យ។  

 

មជ្ឈមណ្ឌលមានចក្ខុវិស័យស គឺដើម្បីផ្លាស់ប្តូរលក្ខណៈរបស់សាលារៀននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបង្កើតឱ្យមានយន្តការដឹកនាំដោយចលនាសាលារៀនតាមប្រព័ន្ធគ្រប់គ្រង និងប្រឹក្សាគរុកោសល្យ អាចជួយគ្រូបង្រៀនឱ្យមានការរីកចម្រើនទាំងផ្នែកសមត្ថភាពវិជ្ជាជីវៈ និងសីលធម៌វិជ្ជាជីវៈ ដើម្បីប្រែក្លាយសាលារៀនរបស់ពួកគាត់ឱ្យទៅជាកន្លែងដែលមានភាពទាក់ទាញ និងចូលចិត្តរៀនសូត្រ។

 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសំណេះសំណាលផ្តល់អនុសាសន៍មួយចំនួនដល់គរុនិស្សិតថា ដើម្បីបង្រៀនមានប្រសិទ្ធភាព ត្រូវមានកត្តាមួយចំនួនដូចជា ត្រូវចេះ Content Knowledge ចំនួនម៉ោងពេលបង្រៀន និងកម្មវិធីសិក្សាលម្អិត តាមមុខវិជ្ជានីមួយៗហ្នឹង មេរៀនមួយហ្នឹងមានគោលដៅអ្វី? សិស្សត្រូវចេះអ្វី? អញ្ចឹងបានឱ្យយើងយល់អាហ្នឹង គឺយើងត្រូវសិក្សាបន្ថែមទៀត។ ភាគច្រើន ដើម្បីចេះបង្រៀន គឺត្រូវទៅបង្រៀន បើយើងចង់ចេះហែលទឹក ទាល់តែយើងទៅលោតចូលក្នុងទឹក ប៉ុន្តែយើងបានទ្រាមខ្លួនរួចហើយ។ ពេលយើងលោតចូលក្នុងទឹកទៅ យើងចេះហែលទឹកហើយ។ តែបើយើងរៀនហែលទឹក យើងនៅលើគោក ក៏មិនចេះហែលដែរ ទាល់តែយើងលោតចុះក្នុងទឹក ទើបយើងដឹងថា ហែលរបៀបម៉េច? ”។

 

អង្គការ ខេប បានជ្រើសរើសបុគ្គលិកចូលបម្រើការងារនៅក្នុងមជ្ឈមណ្ឌលនៅដើមខែឧសភា ឆ្នាំ២០១៩ និងគរុនិស្សិតចំនួន ២៥នាក់ និងបម្រុង ៥នាក់ចេញពីបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៤៩​នាក់ ដោយធ្វើឡើងជាពីរដំណាក់កាល (១.ចំណេះដឹងផ្នែកចិត្តវិទ្យា-គរុកោសល្យ និង ២.ចំណេះដឹងលើភាសាអង់គ្លេស) ហើយបេក្ខជនទាំងអស់តម្រូវតាមលក្ខខណ្ឌដូចជា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងមានបទពិសោធន៍បង្រៀននៅថ្នាក់វិទ្យាល័យយ៉ាងតិច ២ឆ្នាំ។ 

 

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អប់រំ នេះមានរយៈពេល ១១ខែកន្លះ ស្មើនឹង ៤៥ក្រេឌិត ចាប់ផ្តើមពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដោយផ្តោតលើមុខវិជ្ជាគោលធំៗចំនួន ៤ គឺ៖

  • ទី១- ក្រមសីលធម៌វិជ្ជាជីវៈ និងការផ្តល់ប្រឹក្សាគ្រូ និងកម្មសិក្សារយៈពេលបីខែ មានចំនួន ១៨ក្រេឌីត
  • ទី២- ការស្រាវជ្រាវអប់រំជាភាសាអង់គ្លេស និងនិក្ខេបបទខ្លី មានចំនួន ១២ក្រេឌីត
  • ទី៣- សារគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ មានចំនួន ៨ក្រេឌីត ដោយប្រើសប្រាស់នូវសូសវែរ Observic និងវ៉ុលហ្រ្វេម technology ជាឧបករណ៍ផ្តល់ប្រឹក្សាគ្រូ។
  • ទី៤- ប្រព័ន្ធវិធីសាស្រ្តបង្រៀនទូទៅនិងគោលការណ៍ ចំនួន ៧ក្រេឌីត។

 

កាលវិភាគសិក្សា ពេញម៉ោង ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ពីម៉ោង ៨ព្រឹកដល់ ៤:៣០នាទីល្ងាច ចំនួន ៦ម៉ោងក្នុង១ថ្ងៃ។ មជ្ឈមណ្ឌលបានរៀបចំសិក្ខសាលា សិប្បសាលា គ្រូឧទ្ទេសអញ្ជើញតាមប្រធានបទ មានបង្កើតក្លឹបសិក្សាជំនាញទន់ និងភាពជាអ្នកដឹកនាំ និងការបង្កើតមេរៀនសម្រាប់ E-Learning ដោយសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មជ្ឈមណ្ឌលស្រាវជ្រាវវ៉ុលប្រាំសហរដ្ឋអាមេរិក សាកលវិទ្យាល័យ ហ្វូជីជប៉ុន សហគមន៍គ្រូបង្រៀនអាស៊ានសម្រាប់ការស្រាវជ្រាវ និងវិទ្យាស្ថានជាតិអប់រំសិង្ហបុរី។ មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីបានក្លាយជាសមាជិកសហគមន៍គ្រូបង្រៀនអាស៊ានចាប់តាំងពីដើមខែតុលា ឆ្នាំ២០១៩ និងគ្រោងរៀបចំសន្និសី​ទអន្តរជាតិស្តីពី ការប្រឹក្សាគរុកោសល្យនៅពាក់កណ្តាលខែសីហា ឆ្នាំ២០២០ នឹងមានវាគ្មិនមកពីប្រទេសកាណាដា សហរដ្ឋអាមេរិក ជប៉ុន សិង្ហបុរី ហ្វីលីពីន ។ល។ រួមទាំងការធ្វើបទបង្ហាញពីគរុនិស្សិតទាំង២៥នាក់ ដើម្បីផ្លាស់ប្តូរយោបល់ និងអនុសាសន៍ល្អពីវាគ្មិន។

 

អង្គការ ខេប បានចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងបណ្តុះបណ្តាលបរិញ្ញាបត្រជាន់ខ្ពស់ អប់រំ ឯកទេសប្រឹក្សាគរុកោសល្យជាមួយវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ និងការគ្រប់គ្រងគម្រោងនេះតាមសេចក្តីសម្រេចលេខ ៥៤ អយក.សសរ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង់គម្រោងលើការបណ្តុះបណ្តាលបរិញ្ញាបត្រជាន់ខ្ពស់ អប់រំ ឯកទេសប្រឹក្សាគរុកោសល្យ។​ តាមរយៈកិច្ចសហការដ៏មានផ្លែផ្កានេះ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ អង្គការ ខេប មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៅគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើកំណែទម្រង់លើវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាប្រកបដោយគុណភាពគួរជាទីមោទនៈនាពេលដ៏ខ្លីខាងមុខនេះ៕​

 
 

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ