ព័ត៌មាន និងព្រឹត្តិការណ៍

សិក្ខាសាលាដ៏មានអត្ថន័យសម្រាប់ការកែលម្អសៀវភៅអប់រំបំណិនជីវិតភែស (P.A.C.E.) នៅខេត្តសៀមរាប

Date : 2025-05-13
Facebook Twitter Google+ LinkedIn

ក្រុងសៀមរាប៖ អង្គការ ខេប និងនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា បានរួមគ្នាសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងកែសម្រួលសៀវភៅអប់រំបំណិនជីវិតភែស (Personal Advancement and Career Enhancement - P.A.C.E.) ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់សម្រាប់លើកកម្ពស់ការអប់រំបំណិនជីវិតនៅកម្ពុជា។ សិក្ខាសាលានេះបានប្រព្រឹត្តទៅអស់រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ញឹក សាគុណ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប។

 

សិក្ខាសាលានេះបានស្វាគមន៍អ្នកចូលរួមសរុប ២៧ នាក់ (ស្ត្រី ១០ នាក់) ដែលមកពីផ្នែកផ្សេងៗ រួមមាន៖​ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ពោធិ៍សាត់ កោះកុង កំពង់ចាម និងកណ្តាល ព្រមទាំងគ្រូបង្គោលដែលតំណាងឱ្យ ២៣ ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា។ សិក្ខាកាមចូលរួមទាំងអស់បាននាំមកនូវចំណេះដឹង និងបទពិសោធន៍ដ៏សម្បូរបែប ដើម្បីរួមចំណែកកែលម្អសៀវភៅអប់រំបំណិនជីវិតភែសឱ្យកាន់តែមានគុណភាព។

 

សៀវភៅអប់រំបំណិនជីវិតភែស (P.A.C.E.) គឺជាឯកសារសិក្សាដ៏សំខាន់ដែលត្រូវបានកែសម្រួលចំនួន ២ ដង និងទទួលបានការអនុម័តជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីប្រើប្រាស់នៅតាមគ្រឹះស្ថានសិក្សារដ្ឋទូទាំងប្រទេស។ ទោះបីជាសៀវភៅនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹងបំណិនជីវិតដល់សិស្ស ក៏គ្រូបង្រៀនមួយចំនួនបានជួបបញ្ហាប្រឈមក្នុងការអនុវត្តសកម្មភាព និងការបង្រៀនខ្លឹមសារដែលមាននៅក្នុងសៀវភៅនេះ។ បញ្ហាទាំងនេះរួមមានភាពស្មុគស្មាញនៃខ្លឹមសារ និងការខ្វះខាតនូវការណែនាំច្បាស់លាស់សម្រាប់ការបង្រៀន។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីជួយសម្រួលខ្លឹមសារ និងបង្កើតវិធីសាស្ត្របង្រៀនថ្មីៗដែលងាយស្រួលយល់ និងអនុវត្ត។

 

អំឡុងពេលសិក្ខាសាលា សិក្ខាកាមបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសំខាន់ៗជាច្រើន រួមមាន៖

 

  • ការវិភាគរបាយការណ៍សង្ខេប៖ សិក្ខាកាមបានសិក្សាពីរបាយការណ៍ដែលរៀបរាប់ពីបញ្ហាប្រឈម និងផលវិបាកនៃការប្រើប្រាស់សៀវភៅអប់រំបំណិនជីវិតភែសនៅតាមសាលារៀន។
  • ការកែសម្រួលខ្លឹមសារ៖ អ្នកចូលរួមបានធ្វើការជាក្រុមដើម្បីកែសម្រួលខ្លឹមសារនៃសៀវភៅឱ្យកាន់តែសាមញ្ញ និងស័ក្តិសមសម្រាប់គ្រូបង្រៀន និងសិស្ស។
  • ការបង្រៀនសាកល្បង៖ សិក្ខាកាមបានអនុវត្តការបង្រៀនសាកល្បងលើមេរៀនដែលត្រូវបានចាត់ទុកថាពិបាក ដើម្បីស្វែងរកវិធីសាស្ត្របង្រៀនដ៏មានប្រសិទ្ធភាព។

 

បន្ទាប់ពីរយៈពេល ៣ ថ្ងៃនៃការពិភាក្សា និងធ្វើការងារក្រុមយ៉ាងផុសផុល សិក្ខាកាមបានសម្រេចនូវលទ្ធផលគួរឱ្យកត់សម្គាល់។ សៀវភៅអប់រំបំណិនជីវិតភែស (P.A.C.E.) ត្រូវបានកែសម្រួលឱ្យកាន់តែងាយស្រួលប្រើប្រាស់ ដោយបន្ថែមនូវឧទាហរណ៍ជាក់ស្តែង ការណែនាំច្បាស់លាស់ និងសកម្មភាពអន្តរកម្មដែលជួយជំរុញការចូលរួមរបស់សិស្ស។ លទ្ធផលនេះនឹងជួយឱ្យគ្រូបង្រៀនអាចអនុវត្តមុខវិជ្ជាបំណិនជីវិតបានយ៉ាងរលូន និងប្រកបដោយប្រសិទ្ធភាពនៅក្នុងថ្នាក់រៀន។

 

សិក្ខាសាលានេះមិនត្រឹមតែជាឱកាសសម្រាប់ការកែលម្អសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ និងគំនិតច្នៃប្រឌិតរវាងអ្នកជំនាញអប់រំទូទាំងប្រទេស។ លោក ញឹក សាគុណ បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកចូលរួមទាំងអស់ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំបំណិនជីវិតក្នុងការរៀបចំសិស្សឱ្យក្លាយជាពលរដ្ឋដែលមានសមត្ថភាព និងទទួលខុសត្រូវនៅក្នុងសង្គម។

 

លោក វ៉ា សុខលីន មន្ត្រីការិយាល័យនៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ បានមានប្រសាសន៍ថា "ក្នុងនាមខ្ញុំជាតំណាងមកពីនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈសូមគាំទ្រយ៉ាងមុតមាំនូវការអនុវត្តការបង្រៀនសៀវភៅអប់រំបំណិនជីវិតភែស (P.A.C.E.) នៅតាមសាលារៀននីមួយៗ ព្រោះសៀវភៅនេះមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សដែលកំពុងឆ្លងពីវ័យកុមារភាពឈានចូលវ័យជំទង់ និងពេញវ័យដែលប្រឈមនឹងការប្រែប្រួលទាំងរូបរាងកាយ និងបញ្ញាស្មារតីដើម្បីឱ្យពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ទទួលស្គាល់ភាពជាខ្លួនឯង និងបង្កើតទំនាក់ទំនងល្អក្នុងសង្គម"។

 

ជាមួយនឹងការកែសម្រួលថ្មីនេះ សៀវភៅអប់រំបំណិនជីវិតភែស (P.A.C.E.) ត្រៀមនឹងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលមួយសម្រាប់ការអប់រំនៅកម្ពុជា ដោយជួយបំពាក់បំប៉នសិស្សជាមួយនឹងជំនាញចាំបាច់សម្រាប់ជីវិត និងអាជីពនាពេលអនាគត។ សិក្ខាសាលានេះបានបន្សល់ទុកនូវស្នាដៃដ៏អស្ចារ្យ និងក្តីសង្ឃឹមសម្រាប់អនាគតភ្លឺស្វាងនៃវិស័យអប់រំនៅកម្ពុជា៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ