សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី
ថ្នាក់បំប៉នបានជួយធ្វើឱ្យ ឆុង ឆេងហ៊ុន ក្លាយជាសិស្សឆ្នើម
Date : 2025-05-19
នៅម៉ោង ៩និង០០នាទីព្រឹក កណ្តឹងសាលារៀនបានរោទ៍ឡើង ហើយសិស្សនាំគ្នាចេញទៅលេងនៅទីលានសម្រាប់សិស្សលេងមុនពេលទឹកជន់លិចពីខែកញ្ញាដល់ខែកុម្ភៈ។ ទោះជាយ៉ាងណាក៏ដោយ ក៏សិស្សវ័យក្មេងម្នាក់ឈ្មោះ ឆុង ឆេងហ៊ុន នៅតែស្ថិតក្នុងថ្នាក់រៀន ដោយគាត់ឧស្សាហ៍សិក្សាតាមសៀវភៅរបស់គាត់។
កុមារា ឆេងហ៊ុន ជាសិស្សថ្នាក់ទី៥ នៅសាលាបឋមសិក្សាកំពង់ភ្លុក ស្ថិតនៅភូមិងាយជន់លិចទឹក កំពង់ភ្លុក ស្រុកប្រាសាទបាក់គង ខេត្តសៀមរាប បានលើកឡើងថា «ខ្ញុំបាទចូលចិត្តពិនិត្យមើលមេរៀនឡើងវិញ និងធ្វើកិច្ចការផ្ទះ ព្រោះវាជួយឱ្យខ្ញុំយល់មេរៀន និងទទួលបានពិន្ទុល្អក្នុងការប្រឡង»។
ឆេងហ៊ុន ជាសិស្សដែលឧស្សាហ៍រៀនសូត្រទាំងនៅសាលារៀន និងនៅផ្ទះ ដែលធ្វើឱ្យគាត់ក្លាយជាសិស្សឆ្នើមម្នាក់ក្នុងថ្នាក់។ ភាពជោគជ័យរបស់គាត់បានមកពីការតាំងចិត្ត និងការគាំទ្រពីគ្រូបង្រៀនក្នុងថ្នាក់បំប៉ន។
ពីមុន ឆេងហ៊ុន មានការលំបាកខាងភាសា ដែលធ្វើឱ្យគាត់ពិបាកយល់ការពន្យល់របស់គ្រូ។ នេះធ្វើឱ្យគាត់អៀនខ្មាស និងមិនស្រួលនៅសាលា។
អ្នកស្រី អ៊ុន ដានី ដែលជាម្តាយរបស់កុមារ ឆុង ឆេងហ៊ុន បានមានប្រសាសន៍ថា «នៅពេលគាត់នៅតូច ឆេងហ៊ុន ធ្លាប់ឈឺធ្ងន់ ដែលធ្វើឱ្យការលូតលាស់របស់គាត់យឺតជាងមិត្តភក្តិ។ ទោះបីខ្ញុំព្យាយាមជួយគាត់រៀននៅផ្ទះ លទ្ធផលនៅតែមិនល្អ។ ខ្ញុំខ្លាចគាត់ឈប់រៀន ហើយទៅនេសាទជាមួយឪពុកគាត់»។
ក្តីបារម្ភរបស់អ្នកស្រី ដានី បានធូរស្រាលបន្តិចម្តងៗ បន្ទាប់ពី ឆេងហ៊ុន បានចូលរៀនថ្នាក់បំប៉នបន្ថែមពីខែតុលាដល់ខែវិច្ឆិកា ឆ្នាំ២០២២។ ថ្នាក់បំប៉នបន្ថែមនេះរួមមានសកម្មភាពគួរឱ្យចាប់អារម្មណ៍ដូចជា ការប្រកប អាន សរសេរ ល្បែងពាក្យ ការសម្តែងតួនាទី និងការនិពន្ធកំណាព្យ និងចម្រៀង។ នៅចុងបញ្ចប់នៃវគ្គនីមួយៗ មានការប្រកួតប្រជែង ដោយអ្នកឈ្នះទទួលបានសម្ភារៈសិក្សា។ តាមរយៈសកម្មភាពទាំងនេះ ឆេងហ៊ុន បានជម្នះបញ្ហាប្រឈមរបស់គាត់។
កញ្ញា នូត ស្រីលក្ខ ជាគ្រូបង្រៀនថ្នាក់បំប៉នបន្ថែម បានមានប្រសាសន៍ថា «បញ្ហាចម្បងរបស់ ឆេងហ៊ុន គឺការប្រកបពាក្យ ដែលរារាំងសមត្ថភាពអាន និងសរសេររបស់គាត់។ ពីដំបូង ខ្ញុំជួយគាត់ប្រកប និងសរសេរពាក្យលំបាកៗ។ នៅពេលគាត់មានភាពប្រសើរឡើង ខ្ញុំលើកទឹកចិត្តឱ្យគាត់អានឮៗ សរសេរ និងចូលរួមសម្តែងតួនាទី ដើម្បីបង្កើនការបញ្ចេញសំឡេង ពាក្យសព្ទ ការចងចាំ និងទំនុកចិត្ត។ ខ្ញុំរីករាយណាស់ជាមួយការរីកចម្រើនរបស់គាត់»។
កុមារា ឆេងហ៊ុន បានបន្តនិយាយបន្ថែមទៀតថា «ខ្ញុំចូលចិត្តថ្នាក់រៀនបំប៉នបន្ថែម ពីព្រោះអ្នកគ្រូខ្ញុំបានយកចិត្តទុកដាក់ និងពន្យល់ច្បាស់លាស់ដល់ខ្ញុំ។ ខ្ញុំពិតជាចូលចិត្តល្បែងសិក្សាអប់រំ និងការប្រកួត ព្រោះខ្ញុំតែងតែឈ្នះ»។
ចាប់តាំងពីដើមឆ្នាំសិក្សាមក ឆេងហ៊ុន បានក្លាយជាសិស្សឆ្នើម។ គាត់ចូលរួមសកម្មភាពក្នុងថ្នាក់រៀនដោយមានទំនុកចិត្ត និងចេះជួយមិត្តភក្តិក្នុងការធ្វើកិច្ចការផ្ទះ និងដោះស្រាយចំណុចលំបាកៗក្នុងមេរៀន។
កុមារា ឆេងហ៊ុន បាននិយាយបន្ថែមទៀតថា «ខ្ញុំចង់ជួយមិត្តភក្តិឱ្យមានអារម្មណ៍ប្រកបដោយផាសុខភាពនៅសាលារៀន។ ខ្ញុំតាំងចិត្តខិតខំរៀនសូត្រ ដើម្បីនៅជួរមុខគេ និងក្លាយជាគ្រូបង្រៀនម្នាក់ ដើម្បីជួយកុមារដែលជួបការលំបាក»។
ឆុង ឆេងហ៊ុន ជាសិស្សម្នាក់ក្នុងចំណោម ៧.៧៦៣នាក់ ដែលបានចូលរួមកម្មវិធីថ្នាក់សិក្សាបំប៉នបន្ថែមរបស់គម្រោង FOSTER ដែលបានសហប្រតិបត្តិការដោយអង្គការ Action Education (AeA) និងអង្គការ ខេប ក្នុងឆ្នាំ២០២២។ កម្មវិធីនេះមានគោលបំណងជួយសិស្សដែលមានការលំបាកក្នុងការរៀនសូត្រ ឱ្យអាចតាមទាន់មិត្តភក្តិ និងកាត់បន្ថយហានិភ័យនៃការរៀនត្រួតថ្នាក់ ឬបោះបង់ការរៀនសូត្រ៕
#FOSTER #kapeproject #ActionEducation #AeA
117
មត្តេយ្យសិក្សា
178
បឋមសិក្សា
207
មធ្យមសិក្សា
2
ឧត្តមសិក្សា
163,072
សិស្សានុសិស្ស
4,487
គ្រូបង្រៀន / នាយក
5,362
ភាគីពាក់ព័ន្ធ




