សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី
ការផ្លាស់ប្តូរមុខមាត់ថ្មីនៃសាលាបឋមសិក្សាប្រាសាទ តាមរយៈការអន្តរាគមន៍របស់គម្រោង FOSTER
Date : 2025-05-05





សាលាបឋមសិក្សាប្រាសាទ ស្ថិតនៅក្នុងភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ដែលជាតំបន់ជនបទដ៏ដាច់ស្រយាលមួយ មានចម្ងាយប្រមាណ ៤២ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ សាលានេះស្ថិតនៅជិតមាត់បឹងទន្លេសាបខាងលិច ដែលជាតំបន់ប្រឈមនឹងបញ្ហាសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត។ ក្នុងចំណោមសាលាបឋមសិក្សា ៣១ នៅខេត្តសៀមរាប ដែលទទួលបានការគាំទ្រពីគម្រោង សហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបភាគខាងលិច តំបន់១ (FOSTER) សាលាបឋមសិក្សាប្រាសាទជាគំរូមួយដ៏លេចធ្លោ ដែលបានបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។
សាលារៀននេះមានគ្រូបង្រៀនចំនួន ១៩ នាក់ (ស្ត្រី ៨ នាក់) ក្នុងនោះមានគ្រូកិច្ចសន្យា ៨ នាក់ (ស្ត្រី ៧ នាក់)។ សាលារៀនបានផ្តល់ការអប់រំចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ដោយមានសិស្សសរុប ៤២៤ នាក់ (ស្ត្រី ២០៨ នាក់)។ ទោះបីជាមានចំនួនសិស្ស និងគ្រូបង្រៀនគួរឱ្យកត់សម្គាល់ក៏ដោយ សាលានេះបានប្រឈមមុខនឹងបញ្ហាជាច្រើន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពអប់រំ មុនពេលទទួលបានការអន្តរាគមន៍។
លោក យី ខប ជានាយកសាលាបឋមសិក្សាប្រាសាទ ដែលមានតួនាទីដ៏សំខាន់ក្នុងការគ្រប់គ្រង និងជំរុញការអភិវឌ្ឍសាលា។ លោកទទួលខុសត្រូវលើការងារជាច្រើន រួមមាន៖
- រៀបចំផែនការបង្រៀន និងអភិវឌ្ឍន៍សាលា។
- ធ្វើការជាមួយគណៈកម្មការគ្រប់គ្រងសាលា និងសហគមន៍។
- ពិនិត្យ និងជួយគ្រូបង្រៀនក្នុងការបង្រៀន។
- កៀរគរធនធានពីសហគមន៍ និងអង្គការដៃគូ។
- ចូលរួមវគ្គបណ្តុះបណ្តាល និងនាំយកចំណេះដឹងថ្មីមកសម្រាប់អនុវត្តន៍។
ទោះបីជាលោក យី ខប មានការប្តេជ្ញាចិត្តខ្ពស់ក៏ដោយ ក៏សាលារៀននៅតែប្រឈមនឹងបញ្ហាជាច្រើន។ លោកបានរៀបរាប់អំពីស្ថានភាពសាលារៀនកាលពីពីរឆ្នាំមុនថា៖ “សាលារបស់ខ្ញុំមានបរិស្ថានមិនទាន់ល្អ។ ទីធ្លាសាលាមិនមានក្រាលការ៉ូឡា សិស្សគ្មានកន្លែងទទួលទានអាហារពេលព្រឹក គ្មានកន្លែងចតកង់ និងផ្លូវចូលសាលាមិនទាន់ចាក់បេតុង។ សួនច្បារ និងដើមឈើមានតិចតួច ហើយគុណភាពសិក្សារបស់សិស្សធ្លាក់ចុះខ្លាំង ដោយសារវិបត្តិជំងឺកូវីឌ-១៩។ សិស្សរៀនយឺតច្រើន ខ្វះសម្ភារៈសិក្សា និងទឹកស្អាតសម្រាប់ប្រើប្រាស់។ សីលធម៌សិស្សនៅមានកម្រិតទាប ហើយការបែងចែកសំរាមមិនទាន់មានសណ្តាប់ធ្នាប់”។
បញ្ហាទាំងនេះបានធ្វើឱ្យសាលារៀនពិបាកទាក់ទាញសិស្ស និងទទួលបានការគាំទ្រពីសហគមន៍។ អត្រាបោះបង់ការសិក្សាក៏មានកម្រិតខ្ពស់ ដោយសារការលំបាកផ្នែកសេដ្ឋកិច្ច និងកង្វះការយល់ដឹងអំពីសារៈសំខាន់នៃការអប់រំ។
នៅឆ្នាំ២០២២ គម្រោង សហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបភាគខាងលិច តំបន់១ បានចាប់ផ្តើមអន្តរាគមន៍នៅសាលាបឋមសិក្សាប្រាសាទ ដោយផ្តល់ការគាំទ្រទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលសមត្ថភាព។
លោក យី ខប បានរៀបរាប់អំពីផលប៉ះពាល់នៃគម្រោងនេះ៖ “បន្ទាប់ពីគម្រោង FOSTER ចូលមកអន្តរាគមន៍ ខ្ញុំទទួលបានចំណេះដឹងថ្មីៗជាច្រើន ដូចជារបៀបជ្រើសរើសសិស្សអាហារូបករណ៍ ការធ្វើផែនទីសិក្សា បច្ចេកទេសបង្រៀនសិស្សរៀនយឺត និងការកៀរគរធនធានពីសហគមន៍។ យើងក៏បានទទួលឱកាសទស្សនកិច្ចសិក្សានៅសាលាវត្តបូព៍ និងអនុវត្តកម្មវិធីបង្រៀនពេញម៉ោង។”
គម្រោង FOSTER បានផ្តល់វគ្គបណ្តុះបណ្តាលជាច្រើន ដែលគ្របដណ្តប់លើប្រធានបទសំខាន់ៗដូចខាងក្រោម៖
- ការគ្រប់គ្រងសាលារៀន៖ ការធ្វើផែនការអភិវឌ្ឍន៍សាលា និងការធ្វើផែនទីសិក្សា។
- បច្ចេកទេសបង្រៀន៖ វិធីសាស្ត្រជួយសិស្សរៀនយឺត និងការធ្វើតេស្តវាយតម្លៃ។
- ការគាំទ្រសិស្ស៖ កម្មវិធីអាហារូបករណ៍ និងកម្មវិធីទីប្រឹក្សាសម្រាប់កុមារី។
- ការកៀរគរធនធាន៖ ការទាក់ទងជាមួយសហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល (NGO)។
លើសពីនេះ គម្រោងនេះបានជួយធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន ដូចជា៖
- ក្រាលការ៉ូឡានៅទីធ្លា និងមុខថ្នាក់រៀន។
- សាងសង់រោងដាក់ធុងចម្រោះទឹកស្អាត។
- កែលម្អសួនច្បារ និងដាំដើមឈើបន្ថែម។
- សាងសង់ឡដុតសំរាម និងកន្លែងបែងចែកសំរាម។
- ដាក់រូបសំណាកព្រះបាទជ័យវរ្មនទី៧ ដើម្បីជាការបំផុសគំនិត។
ការអន្តរាគមន៍របស់គម្រោង FOSTER បាននាំមកនូវការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ទាំងផ្នែកគុណភាពអប់រំ និងបរិស្ថានសាលារៀន។
លោក យី ខប បានរៀបរាប់ថា៖ “សាលារៀនខ្ញុំឥឡូវមានការប្រែមុខមាត់ថ្មី។ សិស្សមានទឹកស្អាតប្រើប្រាស់ មានកន្លែងរៀនស្អាតជាងមុន និងមានបរិស្ថានល្អប្រសើរ។ គុណភាពសិក្សារបស់សិស្សបានកើនឡើង អត្រាបោះបង់ការសិក្សាថយចុះ ហើយសហគមន៍មានជំនឿទុកចិត្តលើសាលារៀនកាន់តែច្រើន ”។
លទ្ធផលជាក់លាក់រួមមាន៖
- គុណភាពអប់រំ៖ សិស្សរៀនយឺតទទួលបានការបំប៉នបន្ថែម ដែលជួយឱ្យពួកគេតាមទាន់កម្រិតថ្នាក់។
- អត្រាបោះបង់ការសិក្សា៖ ការគាំទ្រផ្នែកអាហារូបករណ៍ដល់សិស្សក្រីក្រ និងការចូលរួមពីសហគមន៍បានជួយកាត់បន្ថយអត្រាបោះបង់។
- ការចូលរួមរបស់សហគមន៍៖ អាណាព្យាបាលបានបញ្ជូនកូនមកសាលារៀនទៀងទាត់ ទោះបីជាក្នុងរដូវវស្សាក៏ដោយ។
- បរិស្ថានសាលា៖ សាលាមានបរិស្ថានស្អាតស្អំ និងទាក់ទាញ ដែលជួយឱ្យសិស្សចូលចិត្តមករៀន។
- សមត្ថភាពគ្រូ និងនាយក៖ គ្រូបង្រៀន និងនាយកមានជំនាញគ្រប់គ្រង និងបង្រៀនកាន់តែប្រសើរ ដោយសារវគ្គបណ្តុះបណ្តាល។
លោក យី ខប បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមពីសហគមន៍ថា៖ “ដោយមានការគាំទ្រពីគម្រោង FOSTER និងការចូលរួមពីអាណាព្យាបាល យើងអាចធ្វើឱ្យសាលាក្លាយជាកន្លែងដែលសិស្សចូលចិត្តសិក្សា និងសហគមន៍មានមោទនភាព”។
ម្តាយរបស់សិស្សម្នាក់នៅក្នុងភូមិផ្លាំងបានចែករំលែកនូវពិសោធន៍របស់គាត់ថា៖ “ពីមុន ខ្ញុំមិនសូវជឿជាក់លើសាលានេះទេ ព្រោះផ្លូវចូលលំបាក ហើយសាលាមិនសូវស្អាត។ ឥឡូវខ្ញុំឃើញកូនខ្ញុំសប្បាយចិត្តមករៀន ហើយខ្ញុំក៏ចូលរួមជួយសាលារៀនដែរ “។
ការផ្លាស់ប្តូរនៃសាលាបឋមសិក្សាប្រាសាទ គឺជាសក្ខីភាពបញ្ជាក់ពីឥទ្ធិពលនៃការធ្វើអន្តរាគមន៍នៅសាលារៀនគោលដៅ ការចូលរួមពីសហគមន៍ និងភាពជាអ្នកដឹកនាំប្តេជ្ញាចិត្ត។ តាមរយៈគម្រោង FOSTER សាលារៀននេះមិនត្រឹមតែបានធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់គុណភាព ការអប់រំ និងជំរុញឱ្យមានមោទនភាព និងភាពជាម្ចាស់ការក្នុងចំណោមសិស្ស គ្រូបង្រៀន និងសហគមន៍។ ករណីសិក្សានេះជាគំរូដ៏ល្អជំរុញទឹកចិត្តសម្រាប់សាលារៀនជនបទផ្សេងទៀតដែលកំពុងប្រឹងប្រែងឆ្ពោះទៅរកវឌ្ឍនភាព៕
រូបថតដោយអង្គការ AEA!
117
មត្តេយ្យសិក្សា
178
បឋមសិក្សា
207
មធ្យមសិក្សា
2
ឧត្តមសិក្សា
163,072
សិស្សានុសិស្ស
4,487
គ្រូបង្រៀន / នាយក
5,362
ភាគីពាក់ព័ន្ធ