សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

សិស្សជនបទផ្លាស់ប្តូរគោលដៅ

Date : 2024-01-11
Facebook Twitter Google+ LinkedIn Addthis

អនុវិទ្យាល័យ បឹងព្រាវ គឺជាសាលារៀនគោលដៅមួយរបស់គម្រោងខូសេវស្ថិតនៅក្នុងឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជាកន្លែងដ៏ល្អសម្រាប់លោក អ៊ុំ សារុន ក្នុងការកាន់មុខតំណែងជាលេខាសាលាអចិន្ត្រៃយ៍ និងក៏បានដើរតួនាទីជាគ្រូប្រឹក្សាអាជីព ដោយមានភារកិច្ចការងារទទួលខុសត្រូវសំខាន់ៗនៅកម្រិតសាលាផងដែរ។ នេះជាសាលាជនបទដែលមានចំងាយ៥គីឡូម៉ែត្រពីការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្រែអំបិល និងមានសិស្សសរុបចំនួន៣០៦នាក់ក្នុងឆ្នាំសិក្សា ២០២២-២០២៣។ ក្រោមជំនួយអន្តរាគមន៍បច្ចេកទេសនៃគម្រោងខូសេវចំពោះការអប់រំនៅមធ្យមសិក្សា កម្មវិធីត្រីវិស័យក៏ត្រូវបានដាក់បញ្ចូលសិក្សាបានរយៈពេល៣ឆ្នាំហើយ ដើម្បីធ្វើឱ្យសិស្សានុសិស្សមានភាពងាយស្រួលក្នុងការកំណត់អត្តសញ្ញាណ និងលើកកម្ពស់ការអភិវឌ្ឍអាជីពផ្ទាល់ខ្លួនប្រសើរឡើង បន្ទាប់ពីពួកគេបញ្ចប់ការសិក្សានៅមធ្យមសិក្សា។ កម្មវិធីនេះបានជួយឱ្យទាំងសហគមន៍ និងសាលារៀនធ្វើការរួមគ្នាដើម្បីលើកកម្ពស់ការសិក្សាសិស្ស និងកំណត់ទិសដៅទៅថ្ងៃអនាគត ហើយក៏ជាវិធីសាស្ត្រដ៏ល្អប្រសើរជាងមុនសម្រាប់ឪពុកម្តាយរក្សា និងជួយកូនកូនរបស់ខ្លួនធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវថានឹងបន្តសិក្សារហូតដល់ថ្នាក់ទី៩ ឬត្រឹមថ្នាក់ទី១២ ឬបន្តទៅសិក្សានៅសាកលវិទ្យាល័យ ឬត្រូវឈប់សិក្សាទៅស្វែងរកការងារតែម្តង?។ ជាពិសេសទៀត សិស្សអាចចេះប្រើប្រាស់ពេលវេលាឱ្យមានតម្លៃក្នុងការសិក្សា និងការស្រាវជ្រាវផ្សេងៗបន្ទាប់ពីម៉ោងសិក្សា។ លោក អ៊ុំ សារុន មានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានទទួលបន្ទុកបង្រៀនសិស្សនូវកម្មវិធីត្រីវិស័យ ព្រោះគាត់មើលឃើញសិស្សគាត់មានអាកប្បកិរិយាផ្លាស់ប្តូរប្រសើរឡើងចាប់តាំងពីកម្មវិធីនេះបានដាក់បញ្ចូលបង្រៀននៅក្នុងសាលារៀននេះ។

 

នៅមុនពេលមិនទាន់មានកម្មវិធីនេះ សិស្សរបស់លោក សារុន មកសិក្សានៅសាលារៀនដោយគ្មានគោលដៅ ឬតាំងចិត្តច្បាស់លាស់ ព្រោះពួកគេធ្វើតាមទស្សនៈរបស់ឪពុកម្តាយឱ្យមកសាលារៀនជារៀងរាល់ថ្ងៃជាទម្លាប់ រីឯសាលារៀនវិញមិនបានផ្សព្វផ្សាយជាសាធារណៈឱ្យសិស្សរៀបចំគោលដៅជាក់លាក់ទេ ដោយសារសិស្ស​មិន​បាន​ដឹង​ថា​ខ្លួនសិក្សាដើម្បី​អ្វី​ឱ្យ​ប្រាកដ? សិស្សនៅសាលារៀននេះភាគច្រើនជាកូនកសិករ ដែលមិនសូវប្រើទូរស័ព្ទទំនើប(smartphones)ទេ។ ជាធម្មតា ពួកគេមិនដឹងអំពីទីកន្លែង និងជ្រើសរើសជំនាញអ្វីដើម្បីសិក្សាទាំងអំឡុងពេលនៅសាលារៀន និងផ្ទះ ព្រោះពួកគេមិនមានគំនិតអ្វីផ្សេងទៀតក្រៅតែពីមេរៀន និងលំហាត់ដែលគ្រូផ្តល់ឱ្យនោះទេសម្រាប់ការសិក្សា និងអំពីអាជីពនាពេលអនាគតនោះទេ។ ជារៀងរាល់ថ្ងៃ ពួកគេបានមកសាលារៀនអង្គុយចាំចម្លងមេរៀនគ្រូបង្រៀនរហូតដល់ម៉ោងចេញទៅផ្ទះវិញ។ ពួក​គេ​មិន​សូវ​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មិន​សូវ​មានទំនាក់ទំនង និង​សាមគ្គីភាពល្អ។ នៅដើមឆ្នាំរយៈពេល២ឬ៣ខែដំបូងនៃឆ្នាំសិក្សាថ្មី ពេលមានដាក់កម្មវិធីកម្មវិធីត្រីវិស័យសិក្សា ពួកគេមិនចាប់អារម្មណ៍នឹងកម្មវិធីថ្មីនេះទេ ទោះបីជាលោក សារុន ព្យាយាមពន្យល់អំពីអត្ថប្រយោជន៍ក្នុងការសិក្សា និងបទបង្ហាញដ៏មានសារៈសំខាន់សម្រាប់ជ្រើសរើសគោលដៅជាក់លាក់ ដែលនឹងកើតមានក្នុងជីវិតកំពុងសិក្សាក៏ដោយ។ ត្រីវិស័យ​នេះ​ក៏​ជា​កម្មវិធី​ថ្មី​មួយសម្រាប់​លោក សារុន ក្នុង​ការ​បង្រៀន​សិស្សផងដែរ។ ចំណែកគណៈកម្មាការគ្រប់គ្រងសាលារៀនក៏មិនបានយល់ជ្រាប និងចូលរួមសកម្មភាពសាលារៀនច្រើនទេ ដែលជាហេតុធ្វើឱ្យសាលាពិបាកក្នុងការបណ្តុះបណ្តាលពួកគាត់នូវកម្មវិធីនេះ។ កម្មវិធី​នេះ​មិនមានការ​ផ្សព្វផ្សាយ​ទូលំ​ទូលាយ​ទេ​ព្រោះខ្វះ​ជំនួយ​បច្ចេកទេស។

 

បន្ទាប់ពីដាក់កម្មវិធីត្រីវិស័យបង្រៀននៅអនុវិទ្យាល័យ បឹងព្រាវ លោក សារុន ទទួលបានវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីត្រីវិស័យ និងវិធីសាស្រ្តប្រឹក្សាអាជីពរួចមក ដើម្បីបង្រៀនឱ្យមានប្រសិទ្ធភាព និង​ធ្វើឱ្យសិស្សយល់​កាន់តែ​ច្បាស់​ថា​ពួកគេ​នៅ​ទីណា? តើអ្វី​ដែល​ពួកគេ​គួរ​ផ្លាស់ប្ដូរ​ដើម្បី​កែលម្អ​ការ​សិក្សា​ និង​កំណត់​គោលដៅប្រកប​ដោយ​ការ​ប្តេជ្ញាចិត្ត​ពិតប្រាកដ។ ពួកគេក៏ពឹងផ្អែកលើឪពុកម្តាយជួយធ្វើការសម្រេចចិត្តផងដែរថាតើនឹងសិក្សាត្រឹមថ្នាក់ទី៩ ឬបន្តថ្នាក់ទី១២។ មានសិស្សខ្លះចង់បន្តការសិក្សានៅសាកលវិទ្យាល័យ និងខ្លះទៀតចង់ស្វែងរកការងារធ្វើដោយហេតុផលពីគ្រួសារត្រូវធ្វើដូច្នេះ។ បច្ចុប្បន្ននេះ សិស្សខុសផ្លែកជាងមុនដោយចេះឧស្សាហ៍ព្យាយាមសិក្សាមុខវិជ្ជាដែលពួកគេសិក្សាខ្សោយ។ ប្រហែលជា៧០%នៃសិស្សទាំងនោះ បានដឹងពីរបៀបជ្រើសរើសជំនាញត្រឹមត្រូវ ដូចជា​ អ្នកខ្លះចង់ធ្វើជាគ្រូបង្រៀនគណិតវិទ្យា ខ្លះជាស្ថាបត្យក...។ល។ លោក សារុន បានឈរ​នៅ​មុខ​ថ្នាក់​​គាត់ប្រកបដោយ​ទឹក​មុខ​ញញឹមញញែម និងពោរពេញទៅដោយកម្លាំង​ចិត្ត​ បានមានប្រសាសន៍ថា “បច្ចុប្បន្ន សិស្សខ្ញុំតែងតែមកពិភាក្សាដើម្បីគិតអំពីមុខវិជ្ជាសិក្សានៅសាលារៀន អាជីពសម្រាប់ថ្ងៃអនាគត និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត។ ពួកគាត់ក្លាហានជាងមុន ប្រសិនបើខ្ញុំប្រៀបធៀបអាកប្បកិរិយាពួកគាត់ គឺបានផ្លាស់ប្តូរច្រើន។ ដូចជាសិស្សម្នាក់ដែលមកប្រឹក្សាជាមួយខ្ញុំ គាត់ចង់ក្លាយជាគ្រូបង្រៀនគណិតវិទ្យា ហើយត្រូវរៀបចំសិក្សាអ្វីខ្លះចាប់ពីពេលនេះទៅ។ ខ្ញុំ​ពិតជារីករាយ​ណាស់​ដែល​បាន​ឃើញ​ពួកគាត់​ផ្លាស់​ប្តូរ»។

 

“ត្រីវិស័យ” ជាកម្មវិធីទូរសព្ទដៃឆ្លាតវៃថ្មីមួយ (Offline App) ត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រដល់សិស្សានុសិស្សកម្រិតថ្នាក់ទី៩ ដល់ទី១២ ក្នុងការតម្រង់ទិសវិជ្ជាជីវៈតាមរយៈការធ្វើស្វ័យវាយតម្លៃអំពីជម្រើសមុខរបរ អាជីព និងការសិក្សា ដែលជាទុនបម្រុងមួយជួយពួកគេឱ្យមានមូលដ្ឋានក្នុងការរៀបចំផែនការសិក្សា និងអាជីពនាពេលអនាគតបានសមរម្យ។ “ត្រីវិស័យ” ផ្តល់ជូននូវមាគ៌ាឆ្ពោះទៅការជ្រើសរើសអាជីពស័ក្កិសមនឹងអ្នកតាមរយៈកព្ចប់ព័ត៌មានក្នុងមុខងារសំខាន់ៗ រួមមាន៖ វាយតម្លៃមុខរបរនិងអាជីព តេស្តភាពឆ្លាតវៃ ព័ត៌មានអំពីគ្រឹះស្ថានសិក្សា ព័ត៌មានអំពីប្រភេទការងារ វីដេអូមុខរបរ និងមជ្ឈមណ្ឌលការងារ។

 

ដើម្បីធ្វើឱ្យការប្រឹក្សាអាជីពតាមរយៈកម្មវិធីត្រីវិស័យបានដល់សិស្សនៅសាលារៀន ប្រកបដោយភាពជោគជ័យ លោក សារុន បានព្យាយាមចុះទៅជួបឪពុកម្តាយសិស្សដើម្បីពិភាក្សាផ្ទាល់ និងពន្យល់អំពីការអប់រំកូន ដែលពួកគាត់ចង់ឱ្យកូនបន្តសិក្សាត្រឹមថ្នាក់ទី៩ ឬត្រឹមថ្នាក់ទី១២ ព្រោះងាយស្រួលស្វែងរកការងារនាថ្ងៃអនាគតឆាប់ៗ។ ក្រោយពីបង្រៀនកម្មវិធីត្រីវិស័យអស់រយៈពេលជាងមួយឆ្នាំមក សិស្សរបស់លោក សារុន ចេះកំណត់មុខជំនាញសម្រាប់អនាគត។ ទោះបីជាយ៉ាងណាក៏ដោយ លោក សារុន នៅ​តែ​ទទួល​ខុស​ត្រូវ​បង្រៀន​សិស្សនូវកម្មវិធីត្រីវិស័យពី​ថ្នាក់​ទី៨ ដល់​ទី៩ ​បន្ត​ទៀត បើ​ទោះ​ជា​គម្រោងខូសេបិទ​បញ្ចប់។ ឪពុកម្តាយបានអញ្ជើញចូលរួមប្រជុំនៅសាលារៀនដើម្បីជួយផ្សព្វផ្សាយកម្មវិធីត្រីវិស័យនេះដល់សិស្សដទៃទៀតសម្រាប់កំណត់គោលដៅច្បាស់លាស់ក្នុងជីវិត។ សិស្សរបស់លោក សារុន តែងតែមកប្រឹក្សាបង្កើតគោលដៅនៅពេលម៉ោងទំនេរ។ ម្យ៉ាងវិញទៀត ចំពោះសិស្សដទៃៗ​ទៀត​ដែល​មិនទាន់​យល់​ច្បាស់​  បាន​មកណាត់ថ្ងៃប្រឹក្សា​អាជីពម្តង​ទៀត​នៅ​ពេល​ក្រោយ។ សាលារៀនបានកំណត់ពេលវេលាសម្រាប់សិស្សានុសិស្សយកទូរសព្ទឆ្លាតវៃមកចូលរួមវគ្គប្រឹក្សាអាជីពតាមអេឡិចត្រូនិក។ មានសិស្សប្រហែលជា៧០%នៃសិស្សចំនួន១០០នាក់ទទួលបានការប្រឹក្សាអាជីពផ្ទាល់តាមរយៈកម្មវិធីត្រីវិស័យ។ បច្ចុប្បន្ននេះ សិស្សចេះយល់គ្នាទៅវិញទៅមកប្រសើរជាងមុន ដោយអាចឱ្យពួកគេមានភាពរួសរាយរាក់ទាក់ និងចេះសាមគ្គីគ្នា។ ពួកគាត់ភាគច្រើនចង់ធ្វើជាគ្រូបង្រៀន និងជាមន្ត្រីរាជការ។

 

លោក ស៊ិន លីន នាយក​អនុវិទ្យាល័យ បឹងព្រាវ បានឈរ​ដោយ​ទឹកមុខ​រីករាយ​នៅ​មុខ​ការិយាល័យ​ និងបានមានប្រសាសន៍ថា “ខ្ញុំពិតជារីករាយដែលបានឃើញសិស្សខ្ញុំចេះផ្លាស់ប្តូររីកចម្រើនច្រើនជាងមុន ដូចជា ការសម្អាតបរិស្ថានសាលារៀន ការគោរពបទបញ្ជាផ្ទៃក្នុង មានលទ្ធផលសិក្សា និងមានអាកប្បកិរិយាល្អជាងមុនផងដែរ។ ពួកគាត់ដឹងអំពីអ្វីដែលត្រូវចាប់ផ្តើមធ្វើប្រចាំថ្ងៃនៅថ្នាក់រៀន និងបរិវេណសាលារៀន។ សហការីខ្ញុំឈ្មោះ អ៊ុំ សារុន ដែលទទួលបន្ទុកបង្រៀនកម្មវិធីត្រីវិស័យ ក៏បានរីកចម្រើនជំនាញការប្រឹក្សាអាជីពតាមប្រព័ន្ធអេឡិចត្រូនិកប្រសើរឡើងដែរ»។

 

គម្រោងខូសេវ/COSAVED ត្រូវបានប្រតិបត្តិដោយអង្គការ ខេប និងអង្គការ BSDA ដើម្បីជួយគាំទ្រដល់សាលារៀនគោលដៅនៅក្នុងស្រុកស្រែអំបិលក្នុងការប្រើប្រាស់កម្មវិធីត្រីវិស័យសម្រាប់អប់រំសិស្សានុសិស្ស។ ក្រៅពីការបង្រៀនកម្មវិធីនេះ លោក សារុន បានកើនជំនាញប្រឹក្សាអាជីពតាមប្រព័ន្ធអេឡិចត្រូនិច និងបានសិក្សាយល់ច្បាស់អំពីបញ្ហាជាក់ស្តែងរបស់សិស្ស។

 

មានវិធីសាស្រ្តជាច្រើនសម្រាប់ផ្សព្វផ្សាយអំពីការប្រើប្រាស់កម្មវិធីត្រីវិស័យ។ គុណតម្លៃកម្មវិធីនេះបានផ្តល់ឱ្យឪពុកម្តាយចេះប្រើប្រាស់ ដើម្បីជួយនិងសម្រួចការលើកកម្ពស់ការអប់រំរបស់កូនក្នុងការកំណត់គោលដៅច្បាស់លាស់។ ថ្វីត្បិតតែធនធានសាលារៀននៅមានកម្រិតក៏ដោយ ក៏លោកនាយកសាលានៅតែព្យាយាមរកថវិកាមកសាងសង់បន្ទប់កុំព្យូទ័រនៅដើម្បីផ្តល់កន្លែងអនុវត្តដល់សិស្ស។ ធនធានមួយទៀតដែលមិនអាចខ្វះបាននោះ ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងសហគមន៍ និងអ្នកពាក់ព័ន្ធផ្នែកអប់រំដែលជាចលករដ៏មានប្រសិទ្ធភាព។ កម្មវិធីត្រីវិស័យ គឺជាឧបករណ៍ដ៏ល្អមួយក្នុងការកសាងកំណើនទស្សនវិស័យ និងសមត្ថភាពផ្ទាល់ខ្លួន សម្រាប់អភិវឌ្ឍន៍អាជីពដែលខ្លួនពេញចិត្ត។ មិន​តែ​ប៉ុណ្ណោះ សិស្សានុសសិស្ស​ក៏​សប្បាយ​ចិត្ត​នឹង​ការ​រៀន​ពី​មិត្តភ័ក្ដិ​នៅ​សាលា និង​ផ្ទះ ដោយពួកគេបង្កើតវិធីសិក្សានូវអ្វីថ្មីៗ និងឱ្យតម្លៃសំខាន់ទៅលើកម្មវិធីនេះថា វាបានបង្កើនសមត្ថភាពពិត និងបន្តការសិក្សាបានល្អ៕

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ