សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

ហេតុអ្វីបានជាគ្រូបង្រៀនត្រូវយល់ដឹងពីឌីជីថល?

Date : 2023-06-16
Facebook Twitter Google+ LinkedIn Addthis

លោក ធី ដាលីន ជាគ្រូបង្គោលអក្ខរកម្មឌីជីថលអាស៊ាន និងជាគ្រូបង្រៀននៅវិទ្យាល័យបរកែវ ខេត្តរតនគិរី។ លោកបានចូលរួមកម្មវិធីអក្ខរកម្មឌីជីថលអាស៊ានតាំងពីខែធ្នូ ឆ្នាំ២០២២មក ដោយសារលោកចង់ពង្រឹងចំណេះដឹងទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗឱ្យបានសមស្រប។ នៅពេលបច្ចុប្បន្ននេះ មនុស្សរស់នៅក្នុងសម័យឌីជីថល ហើយអាចស្វែងរកព័ត៌មានគ្រប់ប្រភេទពីច្រើនប្រភពបាននៅលើប្រព័ន្ធអនឡាញយ៉ាងងាយស្រួល និងលឿនបំផុតតាមរយៈស្មាតហ្វូន​ (ទូរសព្ទឆ្លាតវៃ) SmartWatch, iPad, Tablet, កុំព្យូទ័រយួរដៃ (Laptop) កុំព្យូទ័រ Desktop និងឧបករណ៍ដទៃទៀត។ ក្នុងសម័យឌីជីថលដ៏សម្បូរបែបនេះ ក៏មានជនខិលខូច ឬ Hacker មួយចំនួនកំពុងរិះរកល្បិចកលដើម្បីឆ្លៀតឱកាសកេងបន្លំ និងបោកប្រាស់ ប្រសិនបើយើងចុចលើតំណភ្ជាប់ (Link) ឬសន្ទនាជាមួយមនុស្សដែលយើងមិនស្គាល់ប្រភពច្បាស់លាស់នោះទេ យើងអាចក្លាយជាជនងាយរងគ្រោះតាមបណ្តាញសង្គមនានា។

 

នៅមុនពេលចូលរួមក្នុងកម្មវិធីឌីជីថលអាស៊ាននេះ លោក ដាលីន មិនសូវយល់ដឹងច្រើនទេពាក់ព័ន្ធនឹងអក្ខរកម្មឌីជីថល ហើយក៏មិនបានចែករំលែកចំណេះដឹងទៅដល់សិស្សដែរ ដោយសារចំណេះដឹងរបស់លោកនៅមានកម្រិត ហើយលោកមិនយល់ច្បាស់អំពីការបែងចែកព័ត៌មានពិត និងព័ត៌មានមិនពិត ពីព្រោះលោកក៏ធ្លាប់ចាញ់បោកព័ត៌មានដែរ។ នៅវេលាថ្ងៃមួយនោះ លោកបានចែករំលែកព័ត៌មានមួយ ក្រោយមកទើបដឹងថាព័ត៌មាននោះមិនពិត។ ចំណែសិស្សរបស់លោកភាគច្រើនមិនសូវបានយល់ដឹងពីការចែករំលែកព័ត៌មាននៅលើបណ្តាញសង្គមនោះទេ ពួកគាត់ចូលចិត្តចែករំលែកព័ត៌មានតាមគ្នាដោយមិនបានគិតវែងឆ្ងាយទៅថ្ងៃមុខ។ លោក ដាលីន មានការព្រួយបារម្ភច្រើនចំពោះសិស្សរបស់គាត់ ដែលអាចនឹងចាញ់បោកជនអនាមិក ប្រសិនបើពួកគាត់មិនមានការយល់ដឹងគ្រប់គ្រាន់លើការចែកចាយព័ត៌មាននេះ។

 

ក្រោយពេលទទួលបានវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន គ្រូបង្គោលទាំងអស់ត្រូវធ្វើការផ្សាព្វផ្សាយទៅដល់សហគមន៍របស់ខ្លួន។ លោក ដាលីន ទទួលបានចំណេះដឹងជាច្រើនអំពីអក្ខរកម្មឌីជីថល រួមមាន៖ ការអានបែបវិភាគ ឥទ្ធិពលព័ត៌មាន យុគសម័យព័ត៌មានមិនពិត សុវត្ថិភាពអនឡាញមូលដ្ឋាននៃឯកជនភាព និងសន្តិសុខតាមប្រព័ន្ធអុីនធើណែត ប្រវត្តិឌីជីថល ដានជើងឌីជីថល អត្តសញ្ញាណឌីជីថល តុល្យភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងសុខុមាលភាពក្នុងការប្រើបាស់។ ម្យ៉ាងវិញទៀត លោកបានយល់ច្បាស់លើការកត់សម្គាល់ព័ត៌មានពិត គឺជាព័ត៌មានដែលបានផ្សាយចេញពីស្ថាប័នមួយច្បាស់លាស់ មានប្រភពត្រឹមត្រូវ ដូចជា ព័ត៌មានផ្សាយចេញពីស្ថានប័នក្រសួង និងស្ថានប័នសារព័ត៌មាន (ស៊ីធីអិន ហង្សមាស)។ ព័ត៌មានទាំងអស់នោះជាព័ត៌មានពិត  អាចជឿកជាក់បាន ទើបគេផ្សាយចេញមកជាសាធារណៈ ហើយចំពោះព័ត៌មានមិនពិតវិញ ជាព័ត៌មានមិនមានប្រភពច្បាស់លាស់ ផ្សាយចេញមកក្នុងចេតនាមិនល្អដើម្បីបំពុលសង្គម។  

 

បច្ចុប្បន្ននេះ មានព័ត៌មានជាច្រើនបានផ្សព្វផ្សាយនៅតាមប្រព័ន្ធបណ្តាញសង្គម ប្រសិនបើយុវជនមិនចេះកំណត់ប្រភព និងបែងចែកអ្វីជាព័ត៌មានពិត និងមិនពិតទេនោះ ពួកគាត់នឹងងាយចាញ់បោកគេនៅតាមវេទិកាអនឡាញទាំងអស់នោះជាមិនខាន។ ដូច្នេះ ការប្រុងប្រយ័ត្នក្នុងការចែករំលែកព័ត៌មានទៅកាន់មនុស្សជុំវិញខ្លួនគឺជារឿងសំខាន់។

 

ក្នុងចំណោមប្រធានបទជាច្រើន លោក ដាលីន បានជ្រើសរើសពីរប្រធានបទក្នុងការចែករំលែកទៅកាន់សិស្ស គឺយុគសម័យព័ត៌មានមិនពិត និងដានជើងឌីជីថល។ លោកយល់ឃើញថាសិស្សវិទ្យាល័យជាសិស្សវ័យជំទង់ ហើយពួកគាត់ពិតជាធនធានយុវជនដែលចាំបាច់ត្រូវតែមានចំណេះដឹងផ្នែកឌីជីថល ពីព្រោះវាមានសារៈសំខាន់ណាស់សម្រាប់ការសិក្សា និងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ក្នុងការទទួលបានព័ត៌មានពីប្រព័ន្ធអនឡាញ។ ដូច្នេះ គាត់ជឿជាក់យ៉ាងមុតមាំថា សិស្សនឹងយកវាទៅប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងបន្តចែករំលែកទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជុំវិញខ្លួន ដែលជាការដាស់តឿន និងពង្រឹងស្មារតី កុំឱ្យងាយចាញ់បោកជនខិលខូច។

 

កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន​ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ធនធានចំណេះដឹងផ្នែកបច្ចេកវិទ្យាដល់សង្គម ជាពិសេសយុវជនផ្ទាល់តែម្តងឱ្យចេះការពារឯកជនភាពរបស់ខ្លួនឱ្យមានសុវត្តិភាពខ្ពស់។ លោក ដាលីន បានមានប្រសាសន៍ថា “បើទោះបីជាកម្មវិធីឌីជីថលអាស៊ានមានរយៈពេលខ្លីក៏ដោយ ខ្ញុំនៅតែបន្តចែករំលែកចំណេះដឹងទៅកាន់សិស្សរបស់ខ្ញុំឱ្យចេះប្រុងប្រយ័ត្នក្នុងការចែករំលែកព័ត៌មានអ្វីមួយនៅតាមបណ្តាញសង្គម។ ខ្ញុំពិតជាចង់ឱ្យកម្មវិធីឌីជីថលអាស៊ាននេះនៅតែបន្តសកម្មភាព ដើម្បីចែករំលែកទៅកាន់សហគមន៏ផ្សេងៗទៀត ជាពិសេសតំបន់ដាច់ស្រយាល”។

 

ក្រោមជំនួយហិរញ្ញប្បទានពីមូលនិធិអាស៊ាន អង្គការ ខេប បានប្រតិបត្តិកម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន ដោយបានធ្វើការជ្រើសរើសគ្រូឧទ្ទេសចំនួន៨៥នាក់ ដើម្បីទទួលវគ្គបណ្តុះបណ្តាលធ្វើជាគ្រូបង្គោលផ្នែកអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានសម្រាប់បង្រៀនដល់សហគមន៍ គ្រូបង្រៀន អ្នកអប់រំ ថ្នាក់ដឹកនាំក្នុងសហគមន៍ មន្ត្រីរដ្ឋាភិបាល និងមនុស្សចាស់។ ក្រៅពីកម្មវិធីឌីជីថលអាស៊ាន អង្គការ ខេប មានគម្រោង និងកម្មវិធីជាច្រើនទៀតដែលកំពុងចូលជួយអន្តរាគមន៍នៅតាមសាលារៀនរដ្ឋគោលដៅនៅទូទាំងព្រះរាជាណាចក្រកម្ពុជាក្នុងការលើកកម្ពស់ការអប់រំកុមារ និងយុវជនប្រកបដោយវឌ្ឍនភាពខ្ពស់៕

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ