ព័ត៌មាន និងព្រឹត្តិការណ៍

គម្រោងកុមារកម្ពុជារីករាយ៖ ការផ្លាស់ប្តូរបទពិសោធន៍ និងការអភិវឌ្ឍការអប់រំប្រកបដោយគុណភាព

Date : 2025-04-30
Facebook Twitter Google+ LinkedIn

គម្រោងកុមារកម្ពុជារីករាយ (Happy Cambodian Children - HCC) បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍ដ៏មានអត្ថន័យមួយរវាងសាលាបឋមសិក្សាសំរោងស្រែស្រាយ និងសាលាបឋមសិក្សាដូនមាស ​ដែលជាសាលារៀនគោលនៅក្នុងខេត្តក្រចេះ ទៅកាន់សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន កំពង់ចាម ស្ថិតនៅក្នុងក្រុងកំពង់ចាម។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដោយមានគោលបំណងសំខាន់ដើម្បីស្វែងយល់ និងរៀនសូត្រពីវិធីសាស្ត្របង្រៀនប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងថ្នាក់រៀន និងជាពិសេស ការដឹកនាំ និងគ្រប់គ្រងសាលារៀនឱ្យសម្រេចបាននូវគុណភាពអប់រំខ្ពស់។

 

កម្មវិធីនេះបានផ្តល់ឱកាសដល់គ្រូបង្រៀនមកពីសាលារៀនគោលទាំងពីរក្នុងខេត្តក្រចេះ ដើម្បីសង្កេតមើល និងរៀនសូត្រពីការអនុវត្តជាក់ស្តែងនៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន កំពង់ចាម។ អ្នកចូលរួមបានផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកចំណេះដឹងអំពីវិធីសាស្ត្របង្រៀនល្អៗ ការរៀបចំផែនការសិក្សា និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអប់រំ។ ការសង្កេតថ្នាក់រៀន និងការពិភាក្សាជាក្រុមបានជួយឱ្យគ្រូបង្រៀនទាំងនេះទទួលបានគំនិតថ្មីៗ និងយុទ្ធសាស្ត្រដែលអាចយកទៅអនុវត្តនៅសាលារៀនរបស់ពួកគេ។

 

លោកស្រី សន សុម៉ាលី នាយិការងសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន កំពង់ចាម បានមានប្រសាសន៍យ៉ាងរីករាយថា៖ “ការអភិវឌ្ឍសាលារៀនឱ្យទទួលបានជោគជ័យ ទាមទារឱ្យថ្នាក់ដឹកនាំមានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញឱ្យសាលារៀនមានការផ្លាស់ប្តូរជាវិជ្ជមាន។ ការរៀបចំផែនការអភិវឌ្ឍសាលារៀនឱ្យបានច្បាស់លាស់ និងការគ្រប់គ្រងថវិកាប្រកបដោយតម្លាភាព គឺជាកត្តាដ៏សំខាន់។ ជាពិសេស នៅក្នុងយុគសម័យឌីជីថលនេះ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអប់រំបានក្លាយជាតម្រូវការចាំបាច់។ នៅសាលារៀនរបស់យើង លោកគ្រូអ្នកគ្រូទាំងអស់សុទ្ធតែមានកុំព្យូទ័រផ្ទាល់ខ្លួន និងមានជំនាញក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្រៀន និងជួយសិស្សឱ្យទទួលបានចំណេះដឹងកាន់តែទូលំទូលាយ”។

 

គ្រូបង្រៀនដែលបានចូលរួមក្នុងកម្មវិធីនេះ បានបង្ហាញនូវភាពរីករាយ និងការពេញចិត្តចំពោះឱកាសដ៏មានតម្លៃនេះ។ ពួកគេបានទទួលនូវចំណេះដឹង និងជំនាញថ្មីៗ ដែលអាចជួយពង្រឹងគុណភាពនៃការបង្រៀនរបស់ពួកគេ។ តាមរយៈការសន្ទនា និងការចែករំលែកបទពិសោធន៍ជាមួយគ្រូបង្រៀននៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន កំពង់ចាម ពួកគេបានយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការបង្កើតបរិយាកាសសិក្សាដែលផ្តល់ភាពរីករាយ និងការលើកទឹកចិត្តដល់សិស្ស។

 

គម្រោងកុមារកម្ពុជារីករាយ ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិគីនចាន ដែលមានគោលដៅជួយបង្កើនលទ្ធភាពទទួលបានការអប់រំប្រកបដោយបរិយាបន្ន ជាពិសេសសម្រាប់កុមារនៅតំបន់ដាច់ស្រយាល។ គម្រោងនេះមិនត្រឹមតែផ្តោតលើការលើកកម្ពស់គុណភាពអប់រំប៉ុណ្ណោះទេ ថែមទាំងប្តេជ្ញាកសាងអនាគតដ៏រុងរឿងសម្រាប់កុមារកម្ពុជា តាមរយៈការផ្តល់ឱកាសសិក្សាដ៏សមស្រប និងបរិស្ថានអប់រំដែលមានគុណភាពខ្ពស់។

 

សូមចូលរួមជាមួយគម្រោងកុមារកម្ពុជារីករាយ ដើម្បីរួមគ្នាបង្កើតឱកាសអប់រំដ៏ល្អបំផុតសម្រាប់កុមារកម្ពុជា និងជួយឱ្យពួកគេឈានទៅសម្រេចនូវក្តីសុបិន និងអនាគតដ៏ភ្លឺស្វាង!

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ