សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

ការលើកកម្ពស់ការអប់រំឌីជីថលនៅតំបន់ជនបទ

Date : 2025-08-05
Facebook Twitter Google+ LinkedIn Addthis

លោក ម៉ិល សិរីនិវត្តន៍ ជាគ្រូបង្រៀនឯកទេសរូបវិទ្យានៅវិទ្យាល័យបួ ស្ថិតនៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល Hour of Code ដែលរៀបចំដោយគម្រោង AI Ready ASEAN កាលពីខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមនូវចំណេះដឹងឌីជីថលថ្មីៗមកធ្វើការចែករំលែកដល់ លោកគ្រូអ្នកគ្រូនិងសិស្សនៅសាលារៀនរបស់លោក។ 

 

អំឡុងពេលបង្រៀន Hour of code លោកគ្រូបានជួបប្រទះបញ្ហាប្រឈមចំនួនពីរ៖ ទី១ លោកខ្វះខាតកុំព្យូទ័រក្នុងការប្រើប្រាស់ ដោយសារតែវិទ្យាល័យស្ថិតនៅតំបន់ជនបទ។ ទី២ សិស្សមួយចំនួនមិនមានទូរសព្ទក្នុងការប្រើប្រាស់គ្រប់គ្រាន់ ដោយសារតែជីវភាពលំបាក។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងធានាថាការបង្រៀនប្រព្រឹត្តទៅដោយរលូន លោកគ្រូបានបែងចែកសិស្សជាក្រុមឱ្យប្រើប្រាស់ឧបករណ៍តែមួយជាមួយគ្នា។ វិធីសាស្ត្រនេះបានជួយឱ្យសិស្សទាំងអស់អាចចូលរួមរៀនបាន ទោះបីជាមានការខ្វះខាតឧបករណ៍ក៏ដោយ។ 

 

បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាល Hour of Code លោកបានដឹងកាន់តែច្បាស់បន្ថែមទៀតពីការប្រើប្រាស់ និងភាពលម្អៀងរបស់ AI។ ដើម្បីជំរុញឱ្យការប្រើប្រាស់AI ប្រកបដោយប្រសិទ្ធភាព និងមានក្រមសីលធម៌ លោកនឹងបន្តចែករំលែកចំណេះដឹងដល់សិស្សានុសិស្ស និងសហគមន៍តាមដែលអាចធ្វើទៅបាន។ ឥឡូវនេះ លោកក៍បានប្រើប្រាស់AI ជាជំនួយ ក្នុងការរៀបចំកិច្ចតែងការបង្រៀន និងស្រាវជ្រាវខ្លឹមសារមេរៀនផ្សេងៗសម្រាប់លើកកម្ពស់ការបង្រៀន និងរៀនស្របតាមសម័យឌីជីថល។ ទោះជាយ៉ាងនេះក្ដី លោកនៅតែមានការព្រួយបារម្ភចំពោះការប្រើប្រាស់ AI  ប្រសិនបើយើងពឹងផ្អែកលើវាខ្លាំងពេក យើងនឹងបាត់បង់ទំនុកចិត្ត មិនសូវហ៊ាន គិតដោយខ្លួនឯង និងខ្វះគំនិតច្នៃប្រឌិត ដែលជាជំនាញដ៏សំខាន់ក្នុងការដោះស្រាយបញ្ហា ផ្សេងៗនៅក្នុងជីវិត។ 

 

បច្ចុប្បនេះ លោកបានចែករំលែកចំណេះដឹងអំពី Hour of Code ទៅកាន់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ៨០០ នាក់ ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី ការប្តេជ្ញាចិត្តដ៏មុតមាំរបស់លោក ក្នុងការលើកកម្ពស់ការអប់រំឌីជីថល បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ជាពិសេសនៅតាមសហគមន៍ជនបទ ដែលការទទួលបាន ឱកាសបែបនេះនៅមានកម្រិតនៅឡើយ។ ម្យ៉ាងទៀត ការចែករំលែកនេះ មិនត្រឹមតែ បានផ្តល់ចំណេះដឹងថ្មីៗប៉ុណ្ណោះទេ ថែមទាំងបានបណ្តុះស្មារតីស្រលាញ់ការសិក្សា ការច្នៃប្រឌិត និងការត្រៀមខ្លួនសម្រាប់អនាគតឌីជីថល។

 

ជាចុងក្រោយ លោកសំណូមពរដល់អ្នកទាំងអស់គ្នាត្រូវតែធ្វើការសិក្សាស្រាវជ្រាវនូវ​បច្ចេកវិទ្យាថ្មីៗដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ​​ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​របស់រដ្ឋាភិបាលក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក៏ដូចជាក្លាយ​ជាប្រទេសអភិវឌ្ឍចំណូលខ្ពស់នៅឆ្នាំ២០៥០។

 

គម្រោង AI Ready ASEAN ដឹកនាំដោយមូលនិធិអាស៊ាន និងគាំទ្រដោយ​ក្រុមហ៊ុន Google.org គឺជាកម្មវិធីថ្នាក់តំបន់ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់​ចំណេះដឹង​​អំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការសរសេរកូដតាមរយៈ Hour of Code ដែលជាចលនាសកល​ដើម្បីណែនាំវិទ្យាសាស្ត្រកុំព្យូទ័រដល់មនុស្សគ្រប់វ័យ។

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ