សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

ដំណើរជីវិតរបស់ រដ្ឋា ក្នុងវិស័យបច្ចេកវិទ្យា និងការបង្រៀន

Date : 2025-11-11
Facebook Twitter Google+ LinkedIn Addthis

កញ្ញា រដ្ឋា គឺជានិស្សិតមួយរូបដែលមានដើមកំណើតមកពីខេត្តកំពង់ធំ មានភាពស្មោះត្រង់ និងឆន្ទៈមោះមុតក្នុងការសិក្សា។ ជានារីម្នាក់ដែលមានក្តីសុបិនខ្ពស់ក្នុងវិស័យបច្ចេកវិទ្យា រដ្ឋាបានជំនះឧបសគ្គជាច្រើនរហូតក្លាយជានិស្សិតអាហារូបករណ៍ពេញលេញរបស់អង្គការ ខេប។ បច្ចុប្បន្ន នាងកំពុងសិក្សាឆ្នាំទី៤ លើជំនាញវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ ក្រោមការគាំទ្រហិរញ្ញប្បទានពីអង្គការមូលនិធិអាស៊ី (TAF) តាមរយៈអង្គការ ខេប មិនត្រឹមតែជាការជួយសម្រាលបន្ទុកគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបើកទ្វារនៃឱកាសឱ្យនាងអាចចាប់យកជំនាញដែលនាងស្រឡាញ់ និងប្រើប្រាស់ចំណេះដឹងទាំងនោះដើម្បីត្រឡប់ទៅជួយសង្គមវិញ។

 

ក្រៅពីការសិក្សានៅសាកលវិទ្យាល័យ នៅខែមេសា ឆ្នាំ២០២៥ រដ្ឋាបានចាប់ផ្តើមបោះជំហានថ្មីមួយទៀតដោយក្លាយជាគ្រូបង្រៀនក្រៅម៉ោងនៅ មជ្ឈមណ្ឌលវិស្វកម្មបច្ចេកវិទ្យាពត៌មាន និងអេឡិចត្រូនិច (ETEC)។ នៅទីនោះ នាងទទួលបន្ទុកបង្រៀនវគ្គអភិវឌ្ឍន៍គេហទំព័រទាំងផ្នែក Front-end និង Back-end។ វគ្គសិក្សារបស់នាងគ្របដណ្តប់លើភាសាសរសេរកូដសំខាន់ៗ ដូចជា HTML, CSS, Bootstrap, JavaScript, React, PHP និង Laravel ជាដើម។ លើសពីការផ្ទេរចំណេះដឹងបច្ចេកទេស រដ្ឋាបានបង្កើតបរិយាកាសសិក្សាប្រកបដោយភាពវិជ្ជមាន និងភាពរីករាយ។ នាងតែងតែលើកទឹកចិត្តសិស្សឱ្យហ៊ានសួរសំណួរ និងកសាងទំនុកចិត្តលើខ្លួនឯង ដោយជឿជាក់ថាពួកគេម្នាក់ៗសុទ្ធតែមានសក្តានុពលអាចសម្រេចគោលដៅបាន។

 

សម្រាប់រដ្ឋា ការបង្រៀនមិនមែនគ្រាន់តែជាការងារដើម្បីប្រាក់កម្រៃនោះទេ ប៉ុន្តែវាជាបេសកកម្មជីវិត។ បទពិសោធន៍នេះបានបង្រៀននាងឱ្យចេះអត់ធ្មត់ និងពង្រឹងជំនាញដោះស្រាយបញ្ហា។ នាងប្រកាន់ខ្ជាប់នូវទស្សនៈថា “អ្នកណាក៏អាចបង្រៀនបានដែរ ប៉ុន្តែការក្លាយជាគ្រូបង្រៀនល្អម្នាក់ ទាមទារឱ្យមានការយល់ដឹង និងទឹកចិត្តពិតប្រាកដ ”។ ដើម្បីសម្រួចសមត្ថភាពរបស់ខ្លួន នាងតែងតែចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាលគ្រូប្រចាំសប្តាហ៍នៅ ETEC ដែលជួយនាងពង្រឹងទាំងជំនាញបច្ចេកទេស និងជំនាញទន់ (Soft Skills) សម្រាប់ការបង្រៀនប្រកបដោយប្រសិទ្ធភាព។

 

ក្នុងនាមជាគ្រូបង្រៀនវ័យក្មេង រដ្ឋាមិនដែលចុះចាញ់ឡើយទោះបីជួបប្រទះបញ្ហាប្រឈមមួយចំនួន ដូចជាការសួរសំណួរដដែលៗពីសិស្ស ឬការខ្វះការយកចិត្តទុកដាក់ក្នុងថ្នាក់ក៏ដោយ។ ផ្ទុយទៅវិញ នាងបានចាត់ទុកឧបសគ្គទាំងនេះជាឱកាសក្នុងការរៀនសូត្រ។ នាងតែងតែស្វះស្វែងរកយោបល់ពីមិត្តរួមការងារដែលមានបទពិសោធន៍ និងស្រាវជ្រាវរកយុទ្ធសាស្ត្រថ្មីៗ ដើម្បីបណ្តុះឱ្យសិស្សចេះគិតស៊ីជម្រៅ និងមានភាពម្ចាស់ការលើការសិក្សារបស់ខ្លួន។

 

ការខិតខំប្រឹងប្រែងរបស់នាងត្រូវបានទទួលស្គាល់ដោយថ្នាក់គ្រប់គ្រង។ អ្នកគ្រប់គ្រងរបស់នាងបានកោតសរសើរចំពោះវិធីសាស្ត្របង្រៀនដ៏ច្បាស់លាស់ និងទាក់ទាញរបស់នាង ដោយកត់សម្គាល់ថានាងមានសមត្ថភាពពិសេសក្នុងការធ្វើឱ្យមេរៀនសរសេរកូដដែលស្មុគស្មាញ ក្លាយជាមេរៀនដែលងាយយល់ និងគួរឱ្យចាប់អារម្មណ៍។

 

សម្លឹងទៅអនាគត រដ្ឋាមានមហិច្ឆតាចង់ក្លាយជាសាស្ត្រាចារ្យសាកលវិទ្យាល័យដែលមានជំនាញឯកទេសខាង Full-Stack Development។ នាងបានបញ្ជាក់ថា “គោលដៅរយៈពេលវែងរបស់ខ្ញុំគឺជួយលើកស្ទួយយុវជនកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេសស្ត្រីវ័យក្មេង ដើម្បីឱ្យពួកគេមានភាពក្លាហានក្នុងការចាប់យកជំនាញបច្ចេកវិទ្យា និងកសាងអាជីពដ៏រឹងមាំមួយ”។

 

ជាចុងក្រោយ រដ្ឋាបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកម្មវិធីអាហារូបករណ៍របស់កម្មវិធីអភិវឌ្ឍន៍ជំនាញការងារ (DWD) ដែលគាំទ្រដោយម្ចាស់ជំនួយអង្គការមូលនិធិអាស៊ី (TAF) និងអនុវត្តដោយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប)។ នាងបានសង្កត់ធ្ងន់ថា “បើគ្មានអាហារូបករណ៍នេះទេ នាងខ្ញុំប្រហែលជាមិនអាចដើរមកដល់ចំណុចនេះ និងសម្រេចក្តីស្រមៃរបស់ខ្លួនបានឡើយ។ ការបង្រៀនមិនត្រឹមតែជាការចែករំលែកចំណេះដឹងនោះទេ ប៉ុន្តែវាជាការលើកទឹកចិត្តអ្នកដទៃឱ្យស្វែងរកឱ្យឃើញនូវសក្ដានុពលរបស់ពួកគេ”។

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ