សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី
ការប្រែក្លាយគ្រូបង្រៀននៅជនបទទៅជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល
Date : 2025-11-17





នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ការនាំយកចំណេះដឹងផ្នែកឌីជីថលទៅកាន់តំបន់ជនបទគឺជាកត្តាដ៏សំខាន់។ លោក អាន សុខអេង គ្រូបង្រៀននៅសាលាបឋមសិក្សាថ្កូវ ភូមិថ្កូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម បានក្លាយជាបុគ្គលគំរូមួយរូបក្នុងការនាំយកការផ្លាស់ប្តូរនេះ។ ក្នុងនាមជាគ្រូបង្គោល (Master Trainer) នៃ គម្រោង AI Ready ASEAN ដែលអនុវត្តដោយអង្គការ ខេប លោកមិនត្រឹមតែបានអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាស្ពានចម្លងចំណេះដឹងដ៏មានប្រសិទ្ធភាពទៅកាន់សហគមន៍គ្រូបង្រៀនរបស់គាត់ផងដែរ។
ចំណុចផ្លាស់ប្តូរដ៏សំខាន់របស់លោក សុខអេង បានចាប់ផ្តើមនៅពេលដែលលោកបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ ស្ដីពី “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” របស់គម្រោង។ វគ្គនេះមិនមែនគ្រាន់តែជាការរៀនសូត្រធម្មតាទេ ប៉ុន្តែវាជាការបើកទ្វារទៅកាន់ពិភពថ្មី។
លោក សុខអេង បានរៀបរាប់យ៉ាងលម្អិតថា “នៅពេលដែលខ្ញុំបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលចំនួន ២ថ្ងៃរួមមក វាធ្វើឱ្យខ្ញុំទទួលបានចំណេះដឹងជាច្រើនទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) ដូចជា មូលដ្ឋានគ្រឹះនៃ AI ការយល់ដឹងពីការប្រើប្រាស់ AI ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងរបៀបដែល AI ដំណើរការ”។
អ្វីដែលពិសេសនោះគឺ លោកបានយល់ដឹងស៊ីជម្រៅលើជំនាញបច្ចេកទេសសំខាន់ៗ ដូចជា ការសរសេរ Prompt (ពាក្យបញ្ជា) ឱ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាព និងការយល់ដឹងអំពី ក្រមសីលធម៌ក្នុងការប្រើប្រាស់ AI ដែលជាកូនសោរដ៏សំខាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដោយការទទួលខុសត្រូវ។
ក្រោយពីទទួលបានសមត្ថភាពពេញលេញ លោក សុខអេង មិនបានរក្សាចំណេះដឹងនេះទុកសម្រាប់តែខ្លួនឯងទេ។ លោកបានរៀបចំផែនការយ៉ាងច្បាស់លាស់ដើម្បីធ្វើជាគ្រូបង្គោល បន្តបណ្តុះបណ្តាលដល់លោកគ្រូអ្នកគ្រូនៅក្នុងកម្រងសាលារៀនរបស់លោក។
លោកបានសង្កេតឃើញពីការផ្លាស់ប្តូរឥរិយាបថយ៉ាងខ្លាំងរបស់សិក្ខាកាម។ លោកបានលើកឡើងថា “សិក្ខាកាមចូលរួមទាំងអស់មានអារម្មណ៍សប្បាយរីករាយ។ ពីមុនពួកគាត់ធ្លាប់តែឮពាក្យ AI ប៉ុន្ដែគាត់មិនដឹងថា AI នឹងជាអ្វី គេប្រើប្រាស់ដើម្បីអ្វី... ប៉ុន្ដែបន្ទាប់ពីបានចូលរួម... បានធ្វើឱ្យពួកគាត់ស្គាល់ ដឹង និងអាចប្រើប្រាស់ AI បានក្នុងការងារប្រចាំថ្ងៃរបស់ពួកគាត់”។
នេះគឺជាភាពជោគជ័យដ៏ធំធេង ដែលលោកបានប្រែក្លាយភាពភ័យខ្លាច ឬការមិនយល់របស់គ្រូបង្រៀន ឱ្យទៅជាភាពក្លាហានក្នុងការប្រើប្រាស់បច្ចេកវិទ្យា។
ភាពជោគជ័យក្នុងរៀបចំបើកវគ្គបណ្តុះបណ្តាលនៃគម្រោង AI Ready ASEAN ក្រោមការសម្របសម្រួលរបស់លោក សុខអេង គឺស្តែងចេញតាមរយៈការអនុវត្តជាក់ស្តែង។ គ្រូបង្រៀននៅក្នុងកម្រងរបស់លោក ចាប់ផ្តើមប្រើប្រាស់ AI ដើម្បីកែលម្អការបង្រៀនរបស់ពួកគេ៖
- ការយល់ដឹងពីប្រព័ន្ធ AI៖ តាមរយៈកម្មវិធី "AI for Oceans" គ្រូបង្រៀនបានយល់ច្បាស់ពីរបៀបដែលម៉ាស៊ីនរៀន (Machine Learning) ដំណើរការ។
- ការបង្កើតកិច្ចតែងការបង្រៀន៖ ពួកគាត់អាចប្រើប្រាស់កម្មវិធី AI មួយចំនួនដើម្បីបង្កើតផែនការមេរៀន (Lesson Plans) សម្រាប់ការរៀន និងបង្រៀន ដែលជួយសន្សំសំចៃពេលវេលា និងបង្កើនប្រសិទ្ធភាព។
នៅចុងបញ្ចប់នៃវគ្គ សិក្ខាកាមបានប្ដេជ្ញាចិត្ដថានឹងយកចំណេះដឹងនេះទៅអនុវត្ដ និងខិតខំស្វ័យសិក្សាបន្ថែមទៀត។
ក្នុងនាមជាអ្នកដឹកនាំការផ្លាស់ប្តូរមួយរូប លោក អាន សុខអេង បានប្ដេជ្ញាចិត្ដថានឹងខិតខំស្រាវជ្រាវបន្ថែមពាក់ព័ន្ធនឹង AI និងចែករំលែកបន្ដទៅកាន់អ្នកនៅជុំវិញ ដើម្បីឱ្យពួកគេអាចយក AI ទៅបម្រើសម្រាប់តម្រូវការចាំបាច់នៅក្នុងជីវភាពរស់នៅប្រកបដោយប្រសិទ្ធភាព។
ជាចុងក្រោយ លោកបានបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅ៖ “ខ្ញុំបាទសូមអរគុណដល់ខាងគម្រោង AI Ready ASEAN ដែលបានផ្ដល់ឱកាស និងចំណេះដឹងដល់រូបខ្ញុំ ដើម្បីត្រៀមខ្លួនក្នុងការទទួលយកបញ្ញាសិប្បនិម្មិត AI”។
នៅក្នុងករណីសិក្សានេះបង្ហាញថា ការផ្តល់ឱកាសត្រឹមត្រូវដល់គ្រូបង្គោលតែម្នាក់ អាចបង្កើតផលជះវិជ្ជមានដល់គ្រូបង្រៀន និងសិស្សានុសិស្សរាប់រយនាក់នៅក្នុងសហគមន៍៕
117
មត្តេយ្យសិក្សា
178
បឋមសិក្សា
207
មធ្យមសិក្សា
2
ឧត្តមសិក្សា
163,072
សិស្សានុសិស្ស
4,487
គ្រូបង្រៀន / នាយក
5,362
ភាគីពាក់ព័ន្ធ


