សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

ដំណើរផ្លាស់ប្តូរជីវិតរបស់កុមារា វាស់ ដាវៀត

Date : 2023-12-08
Facebook Twitter Google+ LinkedIn Addthis

គុណធម៌ និងការតស៊ូ ក្រោមពន្លឺនៃការអប់រំថ្មីនៅសាលាបឋមសិក្សាឈើខ្លឹម

 

វាស់ ដាវៀត គឺជាកុមារាម្នាក់ដែលបានកំពុងសិក្សានៅថ្នាក់ទី១ នៃសាលាបឋមសិក្សាឈើខ្លឹម ស្ថិតក្នុងឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ជីវិតរបស់ដាវៀតពោរពេញដោយការតស៊ូ ដោយរូបគេរស់នៅក្នុងគ្រួសារក្រីក្រមួយនៅភូមិដាច់ស្រយាល ដែលមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីសាលារៀន។ ឪពុកម្តាយរបស់ដាវៀតបានចាកចេញពីស្រុកកំណើតទៅធ្វើជាកម្មករជ័រកៅស៊ូនៅតំបន់ឆ្ងាយ ដោយត្រឡប់មកជួបមុខកូនបានតែ ១ដងក្នុងមួយខែ ឬពេលខ្លះមួយឆ្នាំម្តងប៉ុណ្ណោះ។ ដាវៀត រស់នៅក្រោមការមើលថែរបស់ជីដូនជីតាដែលមានវ័យជរា និងប្រកបមុខរបរដើរស៊ីឈ្នួលឱ្យគេ។

 

មុនពេលមានអន្តរាគមន៍ពីគម្រោងកុមារកម្ពុជារីករាយ ដាវៀតប្រឈមនឹងហានិភ័យខ្ពស់ក្នុងការបោះបង់ការសិក្សា។ នៅពេលជីតារវល់ទៅស៊ីឈ្នួលគេ រូបគេត្រូវដើរថ្មើរជើងកាត់ផ្លូវលំក្នុងចម្ការកៅស៊ូស្ងាត់ជ្រងំជិត ១ម៉ោងដើម្បីទៅរៀន។ ភាពឯកោនៅផ្ទះ និងជីវភាពខ្វះខាត ធ្លាប់ធ្វើឱ្យកុមារាតូចនេះចង់បាក់ទឹកចិត្ត និងចង់ឈប់រៀនដើម្បីទៅជួយរកប្រាក់ឪពុកម្តាយ។

 

ការផ្លាស់ប្តូរជាវិជ្ជមានបានចាប់ផ្តើមនៅពេលដែលគម្រោងកុមារកម្ពុជារីករាយ បានចូលមកអនុវត្តនៅសាលាបឋមសិក្សាឈើខ្លឹម។ គម្រោងនេះបានកែប្រែមុខមាត់សាលារៀនទាំងមូល រួមមាន៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ បណ្ណាល័យទំនើប សួនជីវចម្រុះ និងជាពិសេសគឺ "កម្មវិធីចុះតាមដានសិស្សដល់ផ្ទះ"

 

តាមរយៈកម្មវិធីនេះ លោកនាយកសាលា និងគ្រូទទួលបន្ទុកថ្នាក់ បានចុះទៅដល់ផ្ទះរបស់ដាវៀត និងបានឃើញពីស្ថានភាពលំបាកវេទនារបស់គេ។ ដើម្បីលើកទឹកចិត្ត ក្រុមការងារសាលាបាននាំយកសម្ភារសិក្សា (សៀវភៅ ប៊ិច កាតាប) ទៅផ្តល់ជូន។ ប៉ុន្តែ អ្វីដែលធ្វើឱ្យគណៈគ្រប់គ្រងសាលាភ្ញាក់ផ្អើល និងរំជួលចិត្តបំផុតនោះ គឺទឹកចិត្តដ៏បរិសុទ្ធ និងគុណធម៌របស់កុមារាក្រីក្ររូបនេះ។

 

លោក នេត សុឃាន់ នាយកសាលាបឋមសិក្សាឈើខ្លឹម បានមានប្រសាសន៍ថា "ហេតុការណ៍ថ្ងៃនោះ ពិតជាបានកន្ត្រាក់អារម្មណ៍ខ្ញុំយ៉ាងខ្លាំង។ នៅពេលដែលខ្ញុំនិងលោកគ្រូអ្នកគ្រូយកសៀវភៅ ប៊ិច និងកាតាបទៅឱ្យដាវៀត គាត់បានលើកដៃសំពះបដិសេធយ៉ាងទន់ភ្លន់ ដោយសុំឱ្យពួកខ្ញុំយកសម្ភារទាំងនេះទៅចែកជូនក្មេងផ្សេងដែលក្រក្សត់ជាងរូបគាត់ទៅវិញ។ ដាវៀតប្រាប់ខ្ញុំថា 'ពុកម៉ែបង្រៀនកូនថា បើមានហើយ កុំចង់បានរបស់គេទៀត'។ សម្តីនេះហើយដែលជំរុញឱ្យខ្ញុំបង្ហោះរឿងរ៉ាវរបស់គាត់លើហ្វេសប៊ុក រហូតមានសប្បុរសជនពីសាលាឯកជនមួយជួយឧបត្ថម្ភកង់ថ្មីមួយគ្រឿងដល់គាត់"

 

កុមារា វាស់ ដាវៀត បាននិយាយថា"ពីមុនខ្ញុំពិបាកចិត្តណាស់ តែឥឡូវខ្ញុំសប្បាយចិត្តពេលមកដល់សាលា ព្រោះសាលាស្អាត មានសួនច្បារ មានកន្លែងលេង និងបណ្ណាល័យដែលមានសៀវភៅល្អៗច្រើន។ ខ្ញុំចង់ក្លាយជាអ្នកធនាគារ ព្រោះខ្ញុំធ្លាប់ឃើញពូម្នាក់ធ្វើការធនាគារមកលេងផ្ទះខ្ញុំ ហើយគាត់ប្រាប់ឱ្យខ្ញុំខំរៀនបើចង់ពូកែដូចគាត់។ ទោះឪពុកម្តាយខ្ញុំមិននៅជិត តែជីតា (ឪពុកចាស់) តែងតែជួយបង្រៀនខ្ញុំអាន និងធ្វើលេខបន្ថែមនៅផ្ទះ"

 

អ្នកស្រី ឆាន ឥដ្ឋ ជាជីដូនរបស់ដាវៀត បានមានប្រសាសន៍ថា "ចៅខ្ញុំជាក្មេងងាយស្រួលប្រដៅ និងឆាប់ចាំណាស់។ ខ្ញុំគ្រាន់តែណែនាំម្តង គឺគាត់ស្តាប់បានភ្លាម។ ក្តីស្រមៃរបស់ខ្ញុំគឺចង់ឃើញចៅរៀនឱ្យបានចប់ចុងចប់ដើម។ ខ្ញុំពិតជាអរគុណដល់អង្គការ និងលោកគ្រូអ្នកគ្រូ ដែលបានជួយធ្វើឱ្យសាលារៀនល្អប្រសើរ ធ្វើឱ្យចៅខ្ញុំមានក្តីសង្ឃឹម និងរៀនសូត្ររីកចម្រើនខ្លាំងបែបនេះ"

 

ក្រោយការយកចិត្តទុកដាក់ពីនាយកសាលា និងគ្រូទទួលបន្ទុកមក លទ្ធផលសិក្សារបស់ ដាវៀត បានផ្លាស់ប្តូរពីសិស្សដែលមានចំណាត់ថ្នាក់លេខ ១០ មកកាន់លេខ ២ និងមានសក្តានុពលអាចដណ្តើមលេខ ១ នាពេលខាងមុខ។ សីលធម៌ និងការចូលរួមរបស់ ដាវៀត បានក្លាយជាក្មេងគំរូ មានមិត្តភក្តិស្រលាញ់រាប់អានច្រើនដោយសារចរិតចាស់ទុំ និងមិនចេះលោភលន់។ ជីដូនជីតាក៏បានចូលរួមយ៉ាងសកម្មក្នុងការប្រជុំអាណាព្យាបាល។ ចំពោះបញ្ហាសុខុមាលភាពវិញ លោកនាយកសាលាបានយកចិត្តទុកដាក់ផ្ទាល់ ដោយធ្លាប់បាននាំ ដាវៀត ទៅញ៉ាំមីហិរ និងទិញសាច់មាន់អាំងផ្ញើជីដូនជីតា ដែលធ្វើឱ្យចំណងមនោសញ្ចេតនារវាងសាលា និងគ្រួសារកាន់តែរឹងមាំ។

 

រឿងរ៉ាវរបស់ វាស់ ដាវៀត មិនត្រឹមតែជាជោគជ័យនៃការសិក្សាប៉ុណ្ណោះទេ តែជាការបង្ហាញឱ្យឃើញថា ការអប់រំដែលមានការចូលរួម ការចុះជាប់ដល់មូលដ្ឋាន និងការយកចិត្តទុកដាក់ដោយក្តីស្រលាញ់ អាចប្រែក្លាយកុមារដែលហៀបនឹងបោះបង់ការសិក្សា ឱ្យក្លាយជាធនធានដ៏មានតម្លៃ ប្រកបដោយចំណេះដឹង និងគុណធម៌ខ្ពស់។

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ