សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី
ការផ្លាស់ប្តូរតាមរយៈវគ្គបណ្តុះបណ្តាលអក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)
Date : 2025-11-24







“លោកគ្រូអ្នកគ្រូ និងអាណាព្យាបាល នៅខេត្តត្បូងឃ្មុំ បោះជំហានទៅមុខជាមួយ AI”
លោកស្រី សុក្រី សាចារ៉ស់ ជាអាណាព្យាបាលប្រកបដោយភាពផ្ចិតផ្ចង់ និងជាគ្រូបង្រៀនម្នាក់ដែលមានភាពឧស្សាហ៍ព្យាយាម រស់នៅក្នុងខេត្តត្បូងឃ្មុំ បានជួបប្រទះនូវការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងជីវិតផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់គាត់ បន្ទាប់ពីបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្ដីពីអក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy) រយៈពេល ៨ ម៉ោង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
មុនពេលចូលរួមវគ្គបណ្តុះបណ្តាល លោកស្រី សាចារ៉ស់ គ្រាន់តែបានឮពី AI និងដឹងពីការប្រើប្រាស់របស់វាតិចតួចប៉ុណ្ណោះ។ បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ លោកស្រីបានយល់ដឹងកាន់តែច្បាស់អំពីមូលដ្ឋានគ្រឹះ ឧបករណ៍ AI ការប្រើប្រាស់ជាក់ស្តែង និងផលជះវិជ្ជមានដ៏លម្អិតពិស្ដារ ដែល AI អាចនាំមកជូន។
វគ្គបណ្តុះបណ្តាលនេះបានបង្កើននូវភាពងាយស្រួលដល់ការបង្រៀនរបស់លោកស្រីយ៉ាងខ្លាំង។ លោកស្រីបានរៀនពីរបៀបប្រើប្រាស់កម្មវិធី AI ផ្សេងៗ ដើម្បីសម្រួលដល់ការងារបង្រៀន រួមមាន៖
- ការបង្កើតមាតិកា៖ អាចបង្កើតសំណួរ ឬល្បែងកម្សាន្តសម្រាប់សិស្ស។
- ការយល់ដឹងទូលំទូលាយ៖ ស្គាល់ពីនិយមន័យ ការវិវត្តន៍ និងរបៀបបង្រៀន AI ឱ្យទទួលបានព័ត៌មានពីយើង។
- ជំនាញបច្ចេកទេសជាក់ស្តែង៖ ស្គាល់ពីកម្មវិធីដូចជា Lion, Notebook, Canvas, កម្មវិធីកាត់តរូបភាព, កម្មវិធីនិពន្ធភ្លេង/បទចម្រៀង, និងកម្មវិធីពិនិត្យសុវត្ថិភាពលេខកូដ…ជាដើម។ល។
- ការអភិវឌ្ឍជំនាញផ្ទាល់ខ្លួន៖ លោកស្រីបានកត់សម្គាល់ឃើញនូវលទ្ធផលដែលមិននឹកស្មានដល់នោះគឺ AI បានធ្វើឱ្យគាត់អភិវឌ្ឍជំនាញ និងសមត្ថភាពខ្លួនឯងបានប្រសើរជាងមុន"។
ឈរនៅមុខថ្នាក់ដែលគាត់បង្រៀនបង្កប់ដោយភាពជឿជាក់ និងមានអារម្មណ៍រំភើបរីករាយ លោកស្រី សុក្រី សាចារ៉ស់ បានមានប្រសាសន៍ថា “នាងខ្ញុំបានយល់ដឹងកាន់តែច្រើនអំពី AI និងមុខងារ កម្មវិធីថ្មីបន្ថែមទៀតក្នុងការយកទៅប្រើប្រាស់ប្រចាំថ្ងៃ និងកម្មវិធីមួយចំនួនទៀតដើម្បីសម្រួលដល់ការបង្រៀន ជាពិសេសអាចចងក្រងជាសំណួរបែបល្បែងកំសាន្ដបានផងដែរ... អ្វីដែលមិននឹកស្មានដល់បានកើតឡើងជាលទ្ធផលនៃការបណ្តុះបណ្តាលគឺខ្ញុំសង្កេតឃើញថា AI បានធ្វើឱ្យខ្ញុំអភិវឌ្ឍជំនាញ និងសមត្ថភាពខ្លួនឯងបានប្រសើរជាងមុន “។
ចំណេះដឹងដែលលោកស្រីទទួលបាន មិនត្រឹមតែមានប្រយោជន៍ដល់ការងារបង្រៀនប៉ុណ្ណោះទេ ថែមទាំងបានផ្លាស់ប្តូរទម្លាប់របស់កូនប្រុសដែលមានអាយុ ៦ ឆ្នាំជាងទៀតផង។ លោកស្រីបានបង្រៀនកូនរបស់គាត់អំពីការយល់ដឹង AI ដែលនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន រួមមាន៖ (១) ការផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ឌីជីថលរបស់កូនប្រុសគាត់ គឺបានប្តូរពីការមើលវីដេអូខ្លីៗ មកមើលវីដេអូអប់រំវែងៗ និងចូលចិត្តមើលតុក្កតានិយាយភាសាអង់គ្លេស។ (២) កូនប្រុសគាត់មានជំនាញស្រាវជ្រាវដោយខ្លួនឯង គឺចេះជ្រើសរើស និងរកវីដេអូដោយខ្លួនឯង តាមរយៈការសរសេរ និងការនិយាយជាសំឡេង។ (៣) ការគ្រប់គ្រងពេលវេលា គាត់បានកាត់បន្ថយការលេងហ្គេម និងមើលវីដេអូដែលមិនសូវមានប្រយោជន៍ (ដោយមានការកំណត់ពេលវេលាពីម្តាយ)។ (៤) អាកប្បកិរិយាកូនប្រុសបានផ្លាស់ប្តូរ ទោះបីជាមានការព្រួយបារម្ភអំពីការផ្តោតលើទូរសព្ទច្រើនក៏ដោយ លោកស្រី សាចារ៉ស់ បានបញ្ជាក់ថា អាកប្បកិរិយារបស់កូនប្រុសចំពោះការរៀនសូត្រ និងបច្ចេកវិទ្យាបានផ្លាស់ប្តូរ ច្រើន និងឆ្លាតជាងមុន។
លោកស្រីបានបន្តចែករំលែកចំណេះដឹងនេះទៅដល់មិត្តរួមការងារ និងអ្នកប្រើប្រាស់ AI នៅក្នុងសហគមន៍ផ្ទាល់ខ្លួន។ តាមរយៈការចែករំលែកនេះ លោកស្រីបានសង្កេតឃើញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍របស់គាត់ គឺការចេះបែងចែកព័ត៌មានរវាងទាំងអាណាព្យាបាល និងមនុស្សចាស់ បានស្គាល់ពី AI ហើយចេះបែងចែកថាព័ត៌មានណាគួរជឿ និងមិនគួរជឿ។ សិស្សានុសិស្សមានការលើកទឹកចិត្តឱ្យខិតខំស្រាវជ្រាវបន្ថែមនៅផ្ទះ ដោយលោកស្រីបានផ្តល់យោបល់ឱ្យប្រើប្រាស់ AI ដោយឈ្លាសវៃ និងជៀសវាងការសួរអ្វីដែលធ្វើឱ្យបាត់បង់គំនិតផ្ទាល់ខ្លួន។
លោកស្រី សុក្រី សាចារ៉ស់ បានសង្កត់ធ្ងន់ថា៖ “សម័យនេះ យើងត្រូវដើរឱ្យទាន់គេ ដើរឱ្យទាន់ភាពងាយស្រួលនិងទំនើប ដើម្បីសម្រួលដល់ការងារ កាត់បន្ថយពេលវេលាក្នុងការងារ ចំណេញថវិកាក្នុងចំណាយកម្លាំងពលកម្មផ្សេងៗ និងមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នាផងដែរ “។
#AIReadyASEAN #kapepeprojects #AISuccessStory #AI #AILiteracy #AILiteracyTraining
117
មត្តេយ្យសិក្សា
178
បឋមសិក្សា
207
មធ្យមសិក្សា
2
ឧត្តមសិក្សា
163,072
សិស្សានុសិស្ស
4,487
គ្រូបង្រៀន / នាយក
5,362
ភាគីពាក់ព័ន្ធ


