ព័ត៌មាន និងព្រឹត្តិការណ៍
កម្មវិធីពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៥
Date : 2025-07-29














កម្មវិធីពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៥ ត្រូវបានរៀបចំដោយសាលារៀនជំនាន់ថ្មី វិទ្យាល័យ ហ៊ុន សែន កំពង់ចាម កាលពីសប្តាហ៍មុន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបង្ហាញពីទេពកោសល្យ និងភាពច្នៃប្រឌិតរបស់សិស្ស។ កម្មវិធីនេះមានគោលបំណងផ្តល់វេទិកាសម្រាប់សិស្សបង្ហាញស្នាដៃ ជំរុញការចូលរួមសកម្មពីសហគមន៍ និងលើកកម្ពស់ការសិក្សាប្រកបដោយភាពច្នៃប្រឌិត។
កម្មវិធីនេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដោយផ្តោតលើការបង្ហាញស្នាដៃសិស្សដែលផលិតចេញពីចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ វាក៏ជាឱកាសសម្រាប់ឪពុកម្តាយ និងអ្នកពាក់ព័ន្ធមកទស្សនាស្នាដៃជាង ២៨៨ គម្រោង ដែលបង្កើតឡើងដោយសិស្សជិត ៤០០ នាក់។ ស្នាដៃទាំងនេះត្រូវបានរៀបចំតាមរយៈសកម្មភាពក្លឹបចំនួន ១៣ ដែលរួមមាន ក្លឹបវិទ្យាសាស្ត្រ ក្លឹបគីមីវិទ្យា ក្លឹបរូបវិទ្យា ក្លឹបសិល្បៈ ក្លឹបភាសាអង់គ្លេស និងក្លឹបផ្សេងទៀត។
លោក សឿង វ៉ាន់ នាយកសាលារៀនជំនាន់ថ្មី វិទ្យាល័យ ហ៊ុន សែន កំពង់ចាម បានមានប្រសាសន៍ថា៖
"កម្មវិធីនេះផ្តល់ឱកាសឱ្យឪពុកម្តាយ និងអ្នកពាក់ព័ន្ធបានទស្សនាស្នាដៃជាង ២៨៨ គម្រោង ដែលបង្កើតឡើងដោយសិស្សតាមរយៈការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ ក្លឹបសិស្សចំនួន ១៣ ដូចជា ក្លឹបវិទ្យាសាស្ត្រ ក្លឹបគីមីវិទ្យា ក្លឹបសិល្បៈ និងក្លឹបភាសាអង់គ្លេស បានចូលរួមរៀបចំស្នាដៃដ៏ហូរហែ ដោយមានសិស្សជិត ៤០០ នាក់ចូលរួម។ លើសពីនេះ សិស្ស ៨៦ នាក់បានទទួលជ័យលាភីសរុប ១៥១ មេដាយ ក្នុងនោះមេដាយមាស ៣៧ ប្រាក់ ៧០ និងសំរឹទ្ធ ពីកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ។ ការរីកចម្រើននេះគឺជាលទ្ធផលនៃការលើកទឹកចិត្តពីឪពុកម្តាយ ដែលបានចូលរួមគាំទ្រទាំងផ្នែកថវិកាជាង ១០ លានរៀល និងការសម្របសម្រួលពីគ្រូបង្វឹក។ យើងអរគុណចំពោះការគាំទ្រពីអង្គការ ខេប និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានជួយជំរុញកម្មវិធីសាលារៀនជំនាន់ថ្មីតាំងពីឆ្នាំ ២០១៥។ កម្មវិធីនេះមិនត្រឹមតែផ្តល់ចំណេះទ្រឹស្តីប៉ុណ្ណោះទេ ថែមទាំងបណ្តុះជំនាញ និងបំណិនជាក់ស្តែង ដើម្បីត្រៀមសិស្សឱ្យរួចរាល់សម្រាប់ការសិក្សា និងសមាហរណកម្មក្នុងសង្គម។ ការគាំទ្រពីគ្រប់ភាគីបានធ្វើឱ្យសិស្សកាន់តែមានកម្លាំងចិត្ត និងបន្តបង្កើតស្នាដៃដ៏មានគុណភាពពីមួយឆ្នាំទៅមួយឆ្នាំ”។
ស្តង់តាំងបង្ហាញស្នាដៃច្នៃប្រឌិតគឺជាចំណុចលេចធ្លោនៃកម្មវិធី ដែលសិស្សបានបង្កើតគំរូផលិតផលដែលមិនប៉ះពាល់បរិស្ថាន ដូចជា ដបទឹកប្រើឡើងវិញបាន និងផលិតផលធ្វើពីវត្ថុធាតុកែច្នៃ។ ស្តង់នីមួយៗត្រូវបានតុបតែងយ៉ាងស្រស់ស្អាត ដោយមានសិស្សប្រចាំការពន្យល់ពីគំនិត និងគោលបំណងនៃស្នាដៃ។ អ្នកទស្សនាក៏បានចូលរួមសកម្មភាព DIY (Do It Yourself) ដើម្បីសាកល្បងបង្កើតផលិតផលសាមញ្ញៗផ្ទាល់ខ្លួន។
សិស្សបានសហការបង្កើតគម្រោងស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិកចំពោះបរិស្ថាន។ តាមរយៈបទបង្ហាញអន្តរកម្ម និងការប្រើប្រាស់រូបភាព និងវីដេអូ សិស្សបានបង្ហាញពីគ្រោះថ្នាក់នៃប្លាស្ទិកដែលមិនអាចបំបែកបាន ដូចជា ការបំពុលទឹក និងផលប៉ះពាល់ដល់សត្វក្នុងទឹក។ ពួកគេក៏បានផ្តល់ដំណោះស្រាយជាក់ស្តែង ដូចជា ការប្រើថង់ក្រណាត់ និងការកែច្នៃឡើងវិញ ដើម្បីកាត់បន្ថយការប្រើប្លាស្ទិក។
សិស្សក៏បានរៀបចំបង្ហាញនូវការបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃបារីអេឡិចត្រូនិច (E-Cigarettes) លើសុខភាព និងសង្គម។ ពួកគេបានបង្ហាញពីហានិភ័យសុខភាព ដូចជា ការប៉ះពាល់ដល់សួត និងបេះដូង និងបានធ្វើការសួរសំណួរអន្តរកម្ម និងបង្ហាញទិន្នន័យស្តីពីនិន្នាការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមយុវជន។
យុវជន ហ៊ូ វិសាល ជាសិស្សថ្នាក់ទី១០ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យ ហ៊ុន សែន កំពង់ចាម បាននិយាយថា “ក្លឹបរបស់ពួកខ្ញុំបានដំណើរការអស់រយៈពេល៧ខែមកហើយ មានសមាជិតប្រហែល២៥នាក់។ ពួកខ្ញុំបានធ្វើជាតែខ្ញី តែគល់ស្លឹកគ្រៃ តែមន ហើយក្រុមទី៩បានធ្វើជាទៀនក្រអូប ពងទាប្រៃ ការតមែក និងការបង្កើតផលិតផលពីស្លឹកព្រលៃយកមកដាក់តាំងនៅក្នុងកម្មវិធីនេះ។ ក្រុមខ្ញុំក៏បានប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងស្រាវជ្រាវអំពីតែផងដែរ ដែលបានជំរុញការងារក្រុមយើងលឿន។ ការធ្វើការងារក្រុមនេះមានប្រយោជន៍ច្រើនដល់ការសិក្សាពួកខ្ញុំ ព្រោះយើងចេះរបៀបធ្វើការងារជាក្រុម និងមានគំនិតដាក់បញ្ចូលគ្នាច្រើន ហើយវាជារឿងដ៏ល្អ ”។
កម្មវិធីនេះរួមបញ្ចូលការប្រកួតប្រជែងចំណេះដឹងស្តីពីបរិស្ថាន និងសុខភាព ដែលគ្របដណ្តប់លើប្រធានបទ ដូចជា ការកែច្នៃ ការសន្សំថាមពល និងផលប៉ះពាល់នៃបច្ចេកវិទ្យាទំនើប គីមីវិទ្យា។ល។ អ្នកឈ្នះទទួលបានរង្វាន់ជាផលិតផល ដែលជំរុញការចូលរួម និងការរៀនសូត្របន្ថែម។
យុវតី ប៊ុន្នី យិលី ជាសិស្សថ្នាក់ទី៩ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យ ហ៊ុន សែន កំពង់ចាម តំណាងឱ្យក្លឹបប្រវត្តិវិទ្យា បាននិយាយថា “លោកគ្រូបានណែនាំអំពីការជ្រើសរើសប្រធានបទ រួច ពួកខ្ញុំបានចាប់ផ្តើមសិក្សាស្រាវជ្រាវ គិតមកដល់ពេលនេះ មានរយៈពេល៥ខែ។ យើងបានប្រើប្រាស់ Google ដើម្បីស្រាវជ្រាបង្កើតបានជាស្នាដៃដាក់បង្ហាញនៅថ្ងៃនេះ ហើយធ្វើឱ្យពួកខ្ញុំមានភាពសប្បាយរីករាយពីព្រោះយើងបានយល់ដឹងអំពីប្រវត្តិសាស្ត្រកាន់តែច្បាស់ កាន់តែច្រើន និងឃើញមានសមិទ្ធផលដែលពួកយើងបានខិតខំជិតមួយឆ្នាំមកនេះ។ ប៉ុន្តែប្រសិនបើពួកយើងមិនបានចូលក្លឹបនេះទេ យើងប្រាកដជាមិនដឹងច្រើនទេ។ ការធ្វើការងារជាក្រុមអាចជួយយើងធ្វើការងារលឿនដោយសារយើងជួយគ្នា។ ខ្ញុំសំណូមពរដល់សាលារៀន និងក្រសួងអប់រំ យុវជន និងកីឡាគួរបង្កើតកម្មវិធីពិព័រណ៌នេះជារៀងរាល់ឆ្នាំ និងបង្កើតក្លឹបបែបនេះឱ្យបានរហូត ”។
កម្មវិធីក៏បានបង្ហាញនូវការសម្តែងសិល្បៈដ៏អស្ចារ្យ ដែលសិស្សបានបង្ហាញរឿងខ្លីៗ និងរបាំស្តីពីការការពារបរិស្ថាន និងវប្បធម៌ខ្មែរ។ ការសម្តែងទាំងនេះបានបញ្ជូនសារអំពីការទទួលខុសត្រូវរួមគ្នាក្នុងការថែរក្សាភពផែនដី។
សិស្ស ៨៦ នាក់បានចូលរួមកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ដូចជា គណិតវិទ្យា ស្ទែម/STEM និងភាសាអង់គ្លេស ដោយទទួលបានមេដាយសរុប ១៥១ មេដាយ ក្នុងនោះ មេដាយមាស ៣៧ ប្រាក់ ៧០ និងសំរឹទ្ធ។ ស្នាដៃទាំងនេះបានបង្ហាញពីការរីកចម្រើននៃជំនាញ និងបំណិនរបស់សិស្ស។
អ្នកស្រី សុក ស្រីណែត អាណាព្យាបាលសិស្សម្នាក់ បានមានប្រសាសន៍ថា:
“ក្រោយពីបានដើរទស្សនានូវផលិតផលស្នាដៃដាក់បង្ហាញរួចមក ខ្ញុំឃើញមានសមិទ្ធផលជាច្រើនដែលសិស្សបានធ្វើ កូនសិស្សមានការខំប្រឹង ឆ្លាត ឆ្លៀសវៃ និងលោកគ្រូអ្នកគ្រូបានជួយបង្រៀនសិស្សបានល្អ។ ខ្ញុំចង់មានន័យថា សាលារៀនជំនាន់ថ្មីនេះមានការរីកចម្រើនច្រើន ដែលធ្វើឱ្យខ្ញុំយកកូនមកចុះឈ្មោះចូលរៀននៅសាលានេះ។ និយាយដោយត្រង់ទៅ ខ្ញុំចាប់អារម្មណ៍លើសកម្មភាពដ៏មមាញឹកដៃជើងរបស់លោកគ្រូអ្នកគ្រូ ខ្នាស់ខ្នែង រហ័សរហួនគ្រប់គ្នា ទោះបីជាថ្ងៃនេះមានមានភ្លៀងធ្លាក់ពីព្រឹកក៏ដោយ។ ខ្ញុំឃើញសិស្សខិតខំដាក់តាំងបង្ហាញស្នាដៃពួកគេពីព្រឹកព្រលឹមទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ។ ខ្ញុំមានអារម្មណ៍ថា កូនរបស់ខ្ញុំពិតជាមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដូចជា ការគិត ភាពវៃឆ្លាត មិនខ្លាចគេ ក្លាហាន។ គាត់ចូលរៀនសាលានេះមានមិត្តភ័ក្រល្អ មានគ្រូល្អត្រូវនឹងចំណង់ចង់បានរបស់ខ្ញុំ។ កម្មវិធីពិព័រណ៌ស្នាដៃសិស្សនេះពិតជាបានធ្វើឱ្យសិស្សមានគំនិតច្នៃប្រឌិត គឺខ្ញុំចង់ឱ្យមានកម្មវិធីនេះបន្តទៅឆ្នាំក្រោយទៀត “។
កម្មវិធីនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីឪពុកម្តាយ ដែលបានរួមចំណែកថវិកាជាង ១០ លានរៀល។ អង្គការ ខេប និងក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្តល់ការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុតាំងពីឆ្នាំ ២០១៥ ដែលជួយជំរុញកម្មវិធីសាលារៀនជំនាន់ថ្មីឱ្យក្លាយជាគំរូនៃការអប់រំទំនើប។
កម្មវិធីពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៥ បានបង្ហាញពីការរីកចម្រើនរបស់សិស្សក្នុងការអភិវឌ្ឍជំនាញ និងបំណិនជាក់ស្តែង។ តាមរយៈការចូលរួមពីសហគមន៍ និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ កម្មវិធីនេះបានក្លាយជាកម្លាំងចលករសម្រាប់ការអប់រំប្រកបដោយនិរន្តរភាព។ យើងសង្ឃឹមថា កម្មវិធីនេះនឹងបន្តជំរុញការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍៕
#NGS #NewGenerationSchool #kapeprojects #MoEYS #HunSenKampongChamHighSchool
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា
178
បឋមសិក្សា
207
មធ្យមសិក្សា
2
ឧត្តមសិក្សា
163,072
សិស្សានុសិស្ស
4,487
គ្រូបង្រៀន / នាយក
5,362
ភាគីពាក់ព័ន្ធ