ព័ត៌មាន និងព្រឹត្តិការណ៍
ការពង្រឹងសមត្ថភាពបណ្ណារក្សលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ PMB៖ ជំរុញបណ្ណាល័យឌីជីថលក្នុងយុគសម័យថ្មី
Date : 2025-12-11



រាជធានីភ្នំពេញ៖ គម្រោងលើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស (IDEAL) បានរៀបចំវគ្គបណ្តុះបណ្តាលដ៏សំខាន់មួយស្តីពី ការគ្រប់គ្រងបណ្ណាល័យតាមប្រព័ន្ធ (PMB) ជូនដល់បណ្ណារក្ស និងគណៈគ្រប់គ្រងសាលារៀនសរុបចំនួន ៤៣រូប ដែលអញ្ជើញមកពីសាលារៀនគោលដៅចំនួន ១២ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។
វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំវិទ្យាល័យព្រែកលៀប ដោយផ្តោតគោលបំណងសំខាន់លើការពង្រឹងសមត្ថភាពបណ្ណារក្សក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីគ្រប់គ្រងសកម្មភាពបណ្ណាល័យឱ្យកាន់តែមានប្រសិទ្ធភាព សុក្រឹតភាព និងទំនើបកម្ម។
គួរបញ្ជាក់ថា PMB គឺជាកម្មវិធីគ្រប់គ្រងបណ្ណាល័យបែបស្វ័យប្រវត្តិ ដែលដើរតួនាទីជាឃ្លាំងផ្ទុក និងរក្សាទុកទិន្នន័យប្រកបដោយសុវត្ថិភាពខ្ពស់។ ប្រព័ន្ធនេះជួយសម្រួលដល់បណ្ណារក្សក្នុងការគ្រប់គ្រងឯកសារ កត់ត្រា និងតាមដានការខ្ចី-សងសៀវភៅ ព្រមទាំងអាចទាញយករបាយការណ៍មកវិភាគសកម្មភាពអានរបស់សិស្សបានយ៉ាងឆាប់រហ័ស ដើម្បីរៀបចំផែនការអានឱ្យមានភាពច្បាស់លាស់សម្រាប់ពេលអនាគត។
លោកស្រី ហុក សាត នាយិកាសាលាបឋមសិក្សាព្រែកស្តី បានបង្ហាញក្ដីរីករាយចំពោះវគ្គបណ្តុះបណ្តាលនេះ ដោយលើកឡើងថា «ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យនេះ ពិតជាមានសារសំខាន់ណាស់ក្នុងការជួយសម្រួលការងារបណ្ណារក្ស ទាំងការទាញទិន្នន័យ របាយការណ៍ និងការកត់ត្រា។ ក្នុងនាមសាលារៀនជាកន្លែងបណ្តុះកុមារឱ្យក្លាយជាធនធានមនុស្សពេញលេញ ការធ្វើទំនើបកម្មបណ្ណាល័យឱ្យដើរទាន់សម័យឌីជីថល គឺជាកត្តាចាំបាច់បំផុត»។
ចំណែកឯកញ្ញា អយ មិថុនា បណ្ណារក្សនៃសាលាបឋមសិក្សារកាកោង បានកត់សម្គាល់ថា «គម្រោង IDEAL បានផ្តល់ឱកាសឱ្យបណ្ណារក្សអភិវឌ្ឍសមត្ថភាព និងប្រែក្លាយបណ្ណាល័យឱ្យមានភាពជឿនលឿន។ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះ ជួយឱ្យយើងងាយស្រួលតាមដានសកម្មភាពអានរបស់សិស្ស និងចំណេញពេលវេលាបានយ៉ាងច្រើនក្នុងការស្វែងរកឯកសារ»។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមបានទទួលទាំងចំណេះដឹងទ្រឹស្តី និងបានអនុវត្តផ្ទាល់ជាមួយប្រព័ន្ធ PMB ដែលធ្វើឱ្យពួកគេមានទំនុកចិត្តខ្ពស់ក្នុងការបំពេញការងារ។ នេះគឺជាជំហាននៃការផ្លាស់ប្តូរទម្លាប់ការងារបែបប្រពៃណី ទៅជាបរិយាកាសការងារឌីជីថល ដែលជួយបង្កើតបរិយាកាសសិក្សាដែលមានអន្តរកម្មល្អប្រសើរ និងជំរុញវប្បធម៌នៃការរៀនសូត្រពេញមួយជីវិត។
សូមជម្រាបជូនថា កម្មវិធីនេះទទួលបានហិរញ្ញប្បទានពីអង្គការ ChorogUsan for Children ដែលបានផ្តល់កម្មវិធីប្រព័ន្ធ PMB ដល់សាលារៀនគោលដៅទាំងអស់។ នេះមិនត្រឹមតែជាការពង្រឹងសមត្ថភាពបណ្ណារក្សប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថល ប្រកបដោយភាពច្នៃប្រឌិត និងបរិយាបន្ន៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា
178
បឋមសិក្សា
207
មធ្យមសិក្សា
2
ឧត្តមសិក្សា
163,072
សិស្សានុសិស្ស
4,487
គ្រូបង្រៀន / នាយក
5,362
ភាគីពាក់ព័ន្ធ


